ផលិតកម្មស៊ីម៉ងត៍ដ៏ធំ និងទំនើបមួយក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបាននិងកំពុងចូលរួមបម្រើវិស័យវិស្វកម្មសំណង់យ៉ាងសកម្ម ពិសេសក៏កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកថែមទៀត។ នេះបើយោងតាមដំណើរចុះទស្សនកិច្ចនៅរោងចក្រ ជីប ម៉ុង ស៊ីម៉ងត៍អូដ្ឋ ដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) កាលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦។

តាមរយៈរោងចក្រ ជីប ម៉ុង ស៊ីម៉ងត៍អូដ្ឋ គឺជាបុត្រសម្ព័ន្ធដ៏រឹងមាំមួយរបស់សម្ព័ន្ធ ជីប ម៉ុង (Chip Mong Group) ដែលជាសមាសភាពធុរកិច្ចដ៏មានឥទ្ធិពល មានវត្តមាននិងបានកសាងទំនុកចិត្តយ៉ាងរឹងមាំនៅលើទីផ្សារកម្ពុជាអស់រយៈពេលជាង ២ទសវត្សរ៍មកហើយ។ រោងចក្រមួយនេះ ត្រូវបានទទួលស្គាល់ថាជាមូលដ្ឋានផលិតកម្មស៊ីម៉ងត៍ដ៏ធំ និងទំនើបមួយក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបាននិងកំពុងចូលរួមបម្រើវិស័យវិស្វកម្មសំណង់យ៉ាងសកម្ម។
តាមរយៈសមត្ថភាពផលិតកម្មដ៏ធំធេង និងប្រព័ន្ធគ្រប់គ្រងគុណភាពកម្រិតខ្ពស់ ស្របតាមបទដ្ឋានអន្តរជាតិ រោងចក្រមួយនេះ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក កាត់បន្ថយការនាំចូលពីបរទេស និងរួមចំណែកយ៉ាងធំធេងក្នុងការរុញច្រានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅកម្ពុជាឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស។

ក្នុងអំឡុងពេលទស្សនកិច្ច និងបានអញ្ជើញពិនិត្យដោយផ្ទាល់នូវខ្សែច្រវាក់ផលិតកម្ម និងការអនុវត្តបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ ដែលឆ្លើយតបទៅនឹងបទដ្ឋានបរិស្ថានបៃតង លោក ស៊ុន ចាន់ថុល ក៏បានសម្តែងនូវការកោតសរសើផងដែរចំពោះក្រុមហ៊ុន ដែលបានយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងផលប៉ះពាល់ និងការគិតគូរដល់ចីរភាពបរិស្ថានជុំវិញ។
ជាមួយគ្នានេះ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានលើកឡើងពីសារសំខាន់របស់វិស័យឯកជនក្នុងការចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិដែលមិនអាចខ្វះបាន ជាពិសេសការបង្កើតនូវឱកាសការងារសម្រាប់បងប្អូនប្រជាពលរដ្ឋ។ ឯកឧត្តមបានបន្ថែមថា រាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកខ្ពស់ ក្នុងនាមជាអ្នកសម្របសម្រួលតាមរយៈយន្តការនានាដែលបានដាក់ចេញ ដើម្បីធ្វើឱ្យបរិយាកាសវិនិយោគកាន់តែមានភាពរស់រវើក ដែលមិនត្រឹមតែជាការទាក់ទាញទុនវិនិយោគថ្មីបន្ថែមប៉ុណ្ណោះទេ ប៉ុន្តែគឺជាការគាំទ្រការវិនិយោគដែលមានស្រាប់ សំដៅធ្វើឱ្យប្រតិបត្តិការអាជីវកម្មរបស់ពួកគេអាចបន្តរីកចម្រើន និងជំរុញដល់ការពង្រីកទុនវិនិយោគបន្ថែមផងដែរ។
ដំណើរទស្សនកិច្ចនាឱកាសនេះ ត្រូវបានរាជរដ្ឋាភិបាល ចាត់ទុកថា គឺជាសក្ខីកម្មស្តែងឱ្យឃើញយ៉ាងច្បាស់ពីសេវាថែទាំ និងការគាំទ្រវិនិយោគយ៉ាងជិតស្និទ្ធរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ក.អ.ក. ព្រមទាំងជាការបញ្ជាក់ដែរថា រោងចក្រ ជីប ម៉ុង ស៊ីម៉ងត៍អូដ្ឋ កំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ ឱ្យមានសន្ទុះរីកចម្រើនប្រកបដោយចីរភាព និងបរិយាបន្ន៕ អត្ថបទ៖ហ្សាលីន


