ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងអប់រំ ត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បី ចុះស្រង់ស្ថិតិកុមារនិងសិស្សានុសិស្សដែលវិលត្រឡប់ពីប្រទេសថៃ ដើម្បីឱ្យសិស្សានុសិស្សទាំងនោះអាចបន្តនៅតាមសាលារៀនដែលនៅជិតកន្លែងស្នាក់នៅបំផុត។ នេះបើតាមសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

ក្នុងលិខិតនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងអប់រំ យុវជន និងកីឡា ត្រូវសហការជាមួយអាជ្ញាធររាជធានី ខេត្ត និងភាគីពាក់ព័ន្ធ ដើម្បីចុះស្រង់ស្ថិតិកុមារនិងសិស្សានុសិស្សដែលវិលត្រឡប់ពីប្រទេសថៃ នៅក្នុងមូលដ្ឋានរៀងៗខ្លួនឱ្យ បានច្បាស់លាស់ និងជំរុញកុមារនិងសិស្សានុសិស្សទាំងនោះ ឱ្យទៅចុះឈ្មោះចូលរៀន(ថ្មី) ឬ ចូលរៀនបន្តនៅតាមសាលារៀនដែលនៅជិតកន្លែងស្នាក់នៅបំផុត។
សម្តេចក៏ណែនាំឱ្យប្រមូលព័ត៌មានកុមារ និងសិស្សានុសិស្សដែលមានតម្រូវការពិសេស ដោយត្រូវផ្តល់ការសម្របសម្រួល ការគាំទ្រ និងការរៀបចំនីតិវិធីងាយៗ សម្រាប់ការចុះឈ្មោះកុមារនិងសិស្សានុសិស្សទាំងនោះ ដោយមិនចាំបាច់ទាមទារនូវឯកសារតម្រូវ ដូចជាសំបុត្រកំណើត ឬសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬសំបុត្រ ពេទ្យជាដើម។ល។
ដោយឡែក ចំពោះសាលារៀនដែលរងផលប៉ះពាល់ពីសង្គ្រាមនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ក្រសួងអប់រំ យុវជន និងកីឡា ត្រូវសហការជាមួយអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការ ដោយសារមីន ដើម្បីចុះពិនិត្យទីតាំងសាលារៀន ក្នុងគោលបំណងវាយតម្លៃផលប៉ះពាល់ឱ្យបានគ្រប់ជ្រុងជ្រោយ និងតម្រូវឱ្យមានការបោសសម្អាតយុទ្ធភណ្ឌគ្រឿងផ្ទុះជាមុន មុននឹងគិតគូររៀបចំផែនការសាងសង់ និងជួសជុលសំណង់អគារឡើងវិញ ដោយរួមបញ្ចូលទាំងកម្មវិធីអប់រំផ្សព្វផ្សាយ ឱ្យមានការយល់ដឹងអំពីយុទ្ធភណ្ឌ គ្រឿងផ្ទុះ ដល់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ព្រមទាំងធ្វើការបោសសម្អាតជាមុន ដើម្បីធានាសុវត្ថិភាពដល់ដំណើរការរៀននិងបង្រៀន។
សូមជម្រាបថា តាមរយៈលិខិតដដែល សម្តេចក៏បានបញ្ជាក់ទៀតថា សាលារៀនដែលរងផលប៉ះពាល់ខ្លាំង និងមិនអាចដំណើរការរៀននិងបង្រៀនបាននៅក្នុងឆ្នាំសិក្សា ថ្មីនេះ មន្ទីរអប់រំ យុវជន និងកីឡា និងគណៈគ្រប់គ្រងសាលារៀន ត្រូវជ្រើសរើសសាលារៀនដែលនៅជិត ហើយជាកន្លែងនៅជិតទីតាំងស្នាក់នៅរបស់សិស្សផងដែរ ដើម្បីបើកបវេសនកាលឆ្នាំសិក្សាថ្មី និងដំណើរការរៀននិងបង្រៀនជាបណ្តោះអាសន្ន។ ចំពោះតំបន់និងសាលារៀនដែលមិនអាចដំណើរការរៀននិងបង្រៀនបាន មន្ទីរអប់រំ យុវជន និងកីឡា ត្រូវសម្របសម្រួលជាមួយអាជ្ញាធរមានសមត្ថកិច្ច រៀបចំបង្កើតថ្នាក់រៀននៅតាមជំរំ ដូចជាជំរំវត្តពោធិ ៥០០០ ដើម និងទួលអណ្តែត ជាដើម តាមកម្រិតសិក្សាជាក់ស្តែង៕ អត្ថបទ៖ហ្សាលីន

