នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នៅស្នាក់ការកណ្តាល ប៊ែលធី គ្រុប, ឧកញ៉ា លី ឆេង ស្ថាបនិក-អគ្គនាយក នៃប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានជួបសំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូ ថ្នាក់ភាសាចិន ដែលកំពុងបង្រៀន ថ្នាក់ត្រៀមកម្រិត៥ (Preschool 5) ដើម្បីពិនិត្យ ពិភាក្សា និងកែលម្អកម្មវិធីសិក្សាថ្មីឱ្យកាន់តែទំនើប ស្របតាមការវិវត្តនៃវិស័យអប់រំក្នុងសម័យឌីជីថល។

ពិធីជួបសំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូខាងលើនេះ ក៏មានការអញ្ជើញចូលរួមពីលោក ដូ ប៉ូឡូ ប្រធានការិយាល័យភាសាចិនទូទៅ នៃសាលា ប៊ែលធី អន្តរជាតិ ផងដែរ។
កិច្ចពិភាក្សានេះ បានផ្តោតសំខាន់លើការពិនិត្យខ្លឹមសារមេរៀន វិធីសាស្ត្របង្រៀន ដើម្បីជំរុញឱ្យសិស្សានុសិស្សអាចអភិវឌ្ឍសមត្ថភាពភាសាចិនបានយ៉ាងមានប្រសិទ្ធភាព ក្លាយជាអ្នកប្រើប្រាស់ភាសាប្រកបដោយទំនុកចិត្ត និងស្របតាមស្តង់ដារអន្តរជាតិ ព្រមទាំងតម្រូវការជាក់ស្តែងនៃសម័យឌីជីថលនាបច្ចុប្បន្ន និងអនាគត។
សូមជម្រាបថា ប៊ែលធី គ្រុប គឺជាក្រុមហ៊ុនអប់រំដ៏ធំមួយនៅកម្ពុជា ដែលត្រូវបានបង្កើតឡើងដោយ ឧកញ៉ាបណ្ឌិត លី ឆេង។ លោកឧកញ៉ា លី ឆេង គឺជាឥស្សរជនឆ្នើមមួយរូបដែលបានរួមចំណែកយ៉ាងធំធេងក្នុងវិស័យអប់រំ និងនយោបាយ។ បច្ចុប្បន្នលោកឧកញ៉ាក៏ជា តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយក ប៊ែលធី គ្រុប ព្រមទាំងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។






