សម្តេចធិបតី សម្ពោធ​ដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិសំខាន់ៗ ចំនួន៣​ខែ្ស ក្នុងខេត្តក្រចេះ ជាផ្លូវការ

សង្គម​ និង​សេដ្ឋកិច្ច

ការកំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A នៅក្នុងខេត្តក្រចេះ បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយក្រោមវត្តមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលព្រឹកទី២៥ ខែសីហា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គម្រោងលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែនេះ មានប្រវែងសរុប ៩៨,៤០៥គីឡូម៉ែត្រ ដែលរួមមានកំណាត់ផ្លូវជាតិលេខ៧៣ ប្រវែង ៤៩,៨១២គីឡូម៉ែត្រ ស្ថិតក្នុងខេត្តត្បូងឃ្មុំ និងកំណាត់ផ្លូវខេត្តលេខ៣៧៧ និង៣៧៧A ប្រវែងសរុប ៤៨,៥៩៣គីឡូម៉ែត្រ ស្ថិតក្នុងខេត្តក្រចេះ។ ផ្លូវទាំងនេះត្រូវបានស្ថាបនាពង្រីក និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលកៅស៊ូ AC និងបេតុងសរសៃដែក ព្រមទាំងការសាងសង់ស្ពានថ្មីចំនួន ៩កន្លែង និងជួសជុលកែលម្អស្ពានចាស់ ៣កន្លែង រួមជាមួយការបំពាក់ស្លាកសញ្ញាចរាចរណ៍ និងបង្គោលសុវត្ថិភាពតាមបទដ្ឋានបច្ចេកទេស។ គម្រោងនេះបានប្រើប្រាស់ថវិកាសរុបប្រមាណ ៤៣,៩៥លានដុល្លារអាម៉េរិក។

សមិទ្ធផលថ្មីនេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច សង្គម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ការសាងសង់ឡើងវិញនូវខ្សែផ្លូវទាំង ៣ខ្សែនេះ គឺដើម្បីឆ្លើយតបទៅនឹងស្ថានភាពទ្រុឌទ្រោម និងការប្រឈមនឹងគ្រោះទឹកជំនន់ ក៏ដូចជាដើម្បីសម្រួលដល់ការតភ្ជាប់រវាងតំបន់ទីប្រជុំជន និងតំបន់ដាច់ស្រយាល ជំរុញការដឹកជញ្ជូនទំនិញ កសិផល និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ សិស្សានុសិស្ស និងភ្ញៀវទេសចរណ៍។

សម្តេចធិបតី ហ៊ុន ម៉ាណេត បានចាត់ទុកថា ខ្សែផ្លូវទាំងនេះគឺជាផ្លូវយុទ្ធសាស្រ្ត និងសេដ្ឋកិច្ចយ៉ាងសំខាន់ ដែលបានតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវនានាឆ្ពោះទៅកាន់ខេត្តកំពង់ចាម រាជធានីភ្នំពេញ តំបន់ព្រំដែន និងតំបន់ទេសចរណ៍សំខាន់ៗក្នុងខេត្តក្រចេះ និងខេត្តជាប់ព្រំប្រទល់៕អត្ថបទ៖ហ្សាលីន