គណៈប្រតិភូជាន់ខ្ពស់ ធនាគារនីហរ័ណ-អាហរ័ណនៃប្រទេសចិន បានប្តេជ្ញាជួយជំរុញការអភិវឌ្ឍលើគម្រោងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រនានានៅកម្ពុជា ខណៈបច្ចុប្បន្នធនាគារនេះ បានមកជួបពិភាក្សាជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដើម្បីពិភាក្សាពីរឿងនេះរួចរាល់ហើយ។

ជំនួបពិភាក្សានេះ បានធ្វើឡើងកាលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ក្រោមវត្តមាន ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ជាមួយគណៈប្រតិភូជាន់ខ្ពស់ ធនាគារនីហរ័ណ-អាហរ័ណនៃប្រទេសចិន (China EXIM Bank – CEXIM) ដឹកនាំដោយ លោក Chen Huaiyu ប្រធានក្រុមប្រឹក្សាភិបាលនៃ CEXIM ដោយបានពិភាក្សាពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងការជំរុញការអភិវឌ្ឍលើគម្រោងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រនានានៅកម្ពុជា។

នាឱកាសនោះ លោកប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារនីហរ័ណ-អាហរ័ណនៃប្រទេសចិន បានឱ្យដឹងថា ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ធនាគារនីហរ័ណ-អាហរ័ណនៃប្រទេសចិន បានបំពេញបេសកកម្មយ៉ាងសកម្មក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាមួយបណ្តាប្រទេសជាដៃគូ រួមទាំងប្រទេសកម្ពុជាផងដែរ។ លោកក៏បានចែករំលែកនូវចំនុចដែលគួរឱ្យទាក់ទាញពាក់ព័ន្ធនឹងការអភិវឌ្ឍរបស់កម្ពុជា ដោយបានគូសបញ្ជាក់ថា ស្ថិរភាពនយោបាយក្នុងប្រទេស លំនឹងម៉ាក្រូសេដ្ឋកិច្ច បូករួមជាមួយនឹងទំនាក់ទំនងដ៏រឹងមាំរវាងកម្ពុជានិងចិន គឺជាកត្តាស្នូលក្នុងការគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព។

ជាមួយគ្នានេះ ឯកឧត្តម ស៊ុន ចាន់ថុល បានធ្វើបច្ចុប្បន្នភាពអំពីវឌ្ឍនភាពការងារនៃគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ និងបានបង្ហាញអំពីចក្ខុវិស័យក្នុងការអភិវឌ្ឍរបៀងសេដ្ឋកិច្ចអមសងខាងគម្រោងនេះ និងការតភ្ជាប់បណ្តាញហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ដើម្បីបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងវិស័យដឹកជញ្ជូន ភស្តុភារកម្ម ព្រមទាំងការគិតគូរខ្ពស់ដល់បរិស្ថាននិងប្រព័ន្ធជីវៈចម្រុះ ដើម្បីទាញយកប្រយោជន៍ជូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងព្រែកនេះផងដែរ។
តាមរយៈជំនួបពិភាក្សាខាងលើ ភាគីទាំងពីរ ក៏បានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញប្បទាន និងការវិនិយោគ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ព្រមទាំងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ចិន ឱ្យកាន់តែប្រសើរឡើងឥតឈប់ឈរ៕អត្ថបទ៖ហ្សាលីន


