លោក សាយ សំអាល់៖ តំបន់ឆ្នេរជាប៉ូលសេដ្ឋកិច្ចដ៏ធំសម្រាប់កម្ពុជាដែលរកចំណូលចូលជាតិបាន ២ពាន់លានដុល្លារក្នុងមួយឆ្នាំ

សង្គម​និង​សេដ្ឋកិច្ច

ប្រទេសកម្ពុជាមានខេត្ត ៤ ដែលជាប់មាត់សមុទ្រ រួមមាន កោះកុង ព្រះសីហនុ កំពត និងកែប ឆ្នេរនៅតាមបណ្តាខេត្តនីមួយៗសុទ្ធតែមានសក្តានុពលរៀងៗខ្លួន។ ដើម្បីឆ្លើយតបនឹងផែនការអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា លោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីផែនការអភិវឌ្ឍន៍ឆ្នេរ និងផ្លូវជិះកង់ទេសចរណ៍តំបន់ឆ្នេរសមុទ្រកម្ពុជា កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំពិភាក្សានេះបានឯកភាពលើទស្សនទានរួមនៃការគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ប្រែក្លាយជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ដើម្បីអោយសក្តិសមជាតារារះនាទិសនារតី និងជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ព្រមទាំងការពិគ្រោះយោបល់លើការរៀបចំបញ្ចប់គម្រោងអភិវឌ្ឍន៍ឆ្នេរខ្សាច់កម្សាន្តសាធារណៈប្រណិតកម្រិតខ្ពស់ប្រវែង ២៧០០ម៉ែត្រនៅខេត្តកែប។

ជាមួយគ្នានេះ លោក សាយ សំអាល់ ក៏បានដឹកនាំការពិគ្រោះយោបល់លើផែនការអភិវឌ្ឍន៍ផ្លូវជិះកង់ប្របមាត់សមុទ្រដោយតភ្ជាប់ខេត្តទាំងបួននៃតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលជាផលិតផលទេសចរណ៍ដ៏ទាក់ទាញសម្រាប់តំបន់ឆ្នេរសមុទ្រកម្ពុជា។

លោកឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ បានលើកឡើងថា តំបន់ឆ្នេរជាប៉ូលសេដ្ឋកិច្ចដ៏ធំសម្រាប់កម្ពុជា ដោយអាចផ្ដល់ចំណូលជូនជាតិបានប្រមាណ ២ ០០០ លានដុល្លារក្នុងមួយឆ្នាំ។

លោកបន្តថា គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា គឺជាយន្តការរួមសម្រាប់សម្របសម្រួលជាមួយក្រសួង រដ្ឋបាលថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធ ដូច្នេះទាំងអស់គ្នា ត្រូវគិតជារួមថាក្នុងចំងាយផ្លូវឆ្នេរពីខេត្តកែបដល់ខេត្តកោះកុង តំបន់ណាជាប៉ូលសេដ្ឋកិច្ច ជាឆ្នេររួម ជាឆ្នេរដាច់ដោយដុំ តើគួរអភិវឌ្ឍបែបណា ស្របតាមសក្តានុពលនៃតំបន់នីមួយៗ ដើម្បីឱ្យប្រជាពលរដ្ឋ ឬអ្នកទេសចរបានលំហែកម្សាន្ត និងធ្វើលំហាត់ប្រាណដើម្បីសុខភាព៕