តម្លៃប្រេងឆៅអន្តរជាតិ បានធ្លាក់ចុះជាង ២ដុល្លារបន្ថែមទៀតនៅក្នុងមួយបារ៉ែល គិតនៅត្រឹមថ្ងៃទី២៦ ខែសីហា ខណៈពេលដែលការចរចារវាងអ៊ីរ៉ង់ និងអូម៉ង់ បានស្តារក្តីសង្ឃឹមឡើងវិញថា ច្រកសមុទ្រ Hormuz អាចនឹងបើកឡើងវិញក្នុងពេលឆាប់ៗ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ ២,៣០ដុល្លារ ឬ ២,៦% មកនៅត្រឹម ៨៦,២៨ដុល្លារក្នុងមួយបារ៉ែល ស្របពេលប្រេងឆៅរបស់សហរដ្ឋអាមេរិក West Texas Intermediate (WTI) បានធ្លាក់ចុះ ២,០៨ដុល្លារ ឬ ២,៥៣% មកនៅត្រឹម ៨០,២៩ដុល្លារ ក្នុងមួយបារ៉ែល។
ជុំវិញស្ថានភាពនេះ បានកើតឡើងបន្ទាប់ពីអ៊ីរ៉ង់ បាននិយាយថា ខ្លួនបានចាប់ផ្តើមការចរចាឡើងវិញជាមួយអូម៉ង់ ដើម្បីគ្រប់គ្រងច្រកសមុទ្រ Hormuz ដ៏សំខាន់នេះ ខណៈពេលដែលខ្លួនកំពុងប្រឈមមុខនឹងសម្ពាធសេដ្ឋកិច្ចកាន់តែខ្លាំងឡើងពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។
ជម្រាបជូនថា អ៊ីរ៉ង់ និងអូម៉ង់បានចរចាគ្នាអស់រយៈពេលជាច្រើនសប្តាហ៍មកហើយអំពីការគ្រប់គ្រងចរាចរណ៍តាមផ្លូវទឹក នៅច្រកសមុទ្រ Hormuz ដែលដោះស្រាយការដឹកជញ្ជូនប្រេង និងឧស្ម័នធម្មជាតិរាវមួយភាគប្រាំទូទាំងពិភពលោក មុនពេលសង្គ្រាមអាមេរិក-អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់បានចាប់ផ្តើមនៅក្នុងខែកុម្ភៈ៕

