មហាសេដ្ឋី លោក Jack Ma ដែលជាស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Alibaba ថ្មីៗនេះ បានបង្កើនការកាន់កាប់ភាគហ៊ុនរបស់លោកនៅក្រុមហ៊ុននេះបន្ថែមទៀត ដល់ចំនួនជាង ៦០០លានដុល្លារហុងកុង (ឬ ៧៦,៥លានដុល្លារ)។

យោងតាមសារព័ត៌មានរដ្ឋចិន STAR Market Daily បានរាយការណ៍កាលពីថ្ងៃអង្គារដោយផ្អែកលើប្រភពមិនបញ្ចេញឈ្មោះថា ជុំវិញការទិញភាគហ៊ុនរបស់លោក Ma នេះ គឺជាការបង្ហាញទំនុកចិត្តលើសក្តានុពលផ្នែកបច្ចេកវិទ្យា AI របស់ក្រុមហ៊ុន Alibaba បន្ថែមទៀត។
ទន្ទឹមនឹងនេះដែរ ប្រធានក្រុមហ៊ុន Alibaba លោក Joseph Tsai ក៏បានប្រកាសទិញយកភាគហ៊ុនរបស់ក្រុមហ៊ុនបន្ថែមចំនួន ៧២០ ០០០ ភាគហ៊ុន ផងដែរ កាលពីថ្ងៃអង្គារ ពោលគឺពីរថ្ងៃបន្ទាប់ពីក្រុមហ៊ុន e-commerce និង Cloud computing ខ្នាតយក្សរបស់ចិនមួយនេះ បានប្រកាសពីការសម្រុកលក់ភាគហ៊ុនយ៉ាងច្រើន ក្នុងទំហំទឹកប្រាក់ ៨០ប៊ីលានដុល្លារហុងកុង (ឬស្មើនឹង១០,២ប៊ីលានដុល្លារ) ដើម្បីរៃអង្គាសប្រាក់សម្រាប់ពង្រីកមហិច្ឆតាផ្នែក AI របស់ខ្លួន។
យោងតាមឯកសារដាក់ជូនផ្សារភាគហ៊ុនបានឱ្យដឹងទៀតថា លោក Tsai បានទិញភាគហ៊ុនទាំងនោះក្នុងតម្លៃជាមធ្យម ១១៣,៤៧ដុល្លារហុងកុង (១៤,៤៨ដុល្លារអាមេរិក) ក្នុងមួយភាគហ៊ុន សរុបជាទឹកប្រាក់ប្រហែល ៨២លានដុល្លារហុងកុង។
តាមរយៈការទិញបន្ថែមនេះ លោក Tsai និងនាយកប្រតិបត្តិ លោក Eddie Wu បានទិញភាគហ៊ុនសរុបបញ្ចូលគ្នាក្នុងចំនួនជាង ២០០លានដុល្លារហុងកុង សម្រាប់រយៈពេលពីរថ្ងៃចុងក្រោយនេះ៕

