ក្រសួងរៀបចំដែនដី នឹងបង្កើតមជ្ឍមណ្ឌលប្រជាជន (People Center) ដើម្បីផ្តល់នូវសេវាគាប់ចិត្តដល់ម្ចាស់គម្រោងវិនិយោគ និងប្រជាជន

សង្គម​ និង​សេដ្ឋកិច្ច

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងជំនាញពាក់ព័ន្ធ ដើម្បីរៀបចំក្របខណ្ឌការងារដឹកនាំរួមមួយ​ហៅថា មជ្ឍមណ្ឌលប្រជាជន (People Center) ដើម្បីផ្តល់នូវសេវាគាប់ចិត្តដល់ម្ចាស់គម្រោងវិនិយោគ និងប្រជាជនទូទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងរៀបចំដែនដី បានផ្តើមនូវរបបការងាររួមមួយលើការអនុម័តគម្រោងវិនិយោគដែលផ្តល់ភាពងាយស្រួលនិងច្បាស់លាស់ ជាការផ្តល់នូវសេវាឱ្យបានគាប់ចិត្តដល់អតិថិជន ដែលមកទទួលសេវានៅច្រកចេញចូលតែមួយដោយមិនតម្រូវឱ្យអតិថិជនទៅស្ថាប័នជំនាញច្រើនកន្លែង ខាតពេលវេលា និងបង្កភាពស្មុគស្មាញ កាត់បន្ថយហានិភ័យដូចទៅនឹងគម្រោងមួយចំនួនដែលក្រសួងបាននិងកំពុងដោះស្រាយនាពេលបច្ចុប្បន្ននេះ។

ឆ្លើយតបទៅនឹងការងារនេះ ក្រសួងរៀបចំដែនដី បានធ្វើការដឹកនាំសម្របសម្រួលភាគីក្រសួងជំនាញពាក់ព័ន្ធដើម្បីរៀបចំក្របខណ្ឌការងារដឹកនាំរួមក្នុងការអនុម័តគម្រោងវិនិយោគ ដូចជាបុរី ខុនដូជាដើម នៅក្នុងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យកម្ពុជា (Cambodia Data Exchange) ហៅកាត់ថា CamDX ដែលក្រសួងជំនាញនីមួយៗត្រូវទទួលខុសត្រូវទៅតាមជំនាញរៀងៗខ្លួន ដូចជា៖

១.ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ៈ ពិនិត្យមើលផ្នែកសុរិយោដី រៀបចំដែនដី នគរូបនីយកម្ម ផ្នែកសំណង់ និងលំនៅដ្ឋានជាដើម។

​   – សុរិយោដី៖ ទីតាំងអភិវឌ្ឍមានឯកសារកាន់កាប់ដីស្របច្បាប់ឬនៅ

   – រៀបចំដែនដី៖ ទីតាំងនោះគួរជាទីតាំងពាណិជ្ជកម្ម សេដ្ឋកិច្ចពិសេស ប្រជុំជន កសិកម្ម ឫលំនៅឋាន

   – នគរូបនីយកម្ម៖ កម្ពស់អតិបរមានៃសំណង់ គម្លាតសមស្រប លំហសាធារណៈសម្រាប់ប្រើប្រាស់ កន្លែងទុកដាក់សំណល់រឹង-រាវ ចំណតជាដើម

   – សំណង់៖ ផ្តោតលើគុណភាព សុវត្ថិភាព សោភណភាព

   – លំនៅឋាន៖ ទីតាំងអាចគួរជាបុរីដែលមានលំនៅឋានប្រណិតលំដាប់ខ្ពស់ លំដាប់មធ្យម ជាលំនៅឋានតម្លៃសមរម្យ ឬជាខុនដូ

២. ក្រសួងមហាផ្ទៃ៖ ការរៀបចំឋានានុក្រមរដ្ឋបាល ភូមិ ឃុំ ឱ្យសមស្របទៅតាមមូលដ្ឋានរបស់ខ្លួន

៣. ក្រសួងសាធារណការនិងដឹកជញ្ជូន៖ ពិនិត្យលើហេដ្ឋារចនាសម្ព៏ន្អផ្លូវ និងលូ

៤.ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍៖ ការផ្គត់ផ្គង់ទឹកត្រូវធ្វើឡើងដោយមានផែនការជាក់លាក់

៥.ក្រសួងរ៉ែ និងថាមពល៖ ការផ្គត់ផ្គង់អគ្គិសនីត្រូវអនុវត្ថទៅតាមគម្រោងច្បាស់លាស់

៦.ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៖ ការតភ្ជាប់បណ្តាញទូរសព្ទ និងអ៊ីនធឺណែត សម្រាប់អ្នកប្រើប្រាស់ឱ្យបានគ្រប់គ្រាន់

៧. ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ការផ្តល់អជ្ញាបណ្ណជូនអ្នកស្នើសុំដោយពិនិត្យមើលការបំពេញលក្ខខណ្ឌគ្រប់គ្រាន់ និងទទូលបានការអនុញ្ញាតដោយក្រសួងជំនាញ

គួរបញ្ជាក់ថា តាមរយៈការគិតគូរនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សង្ឃឹមថាវានឹងក្លាយទៅជាមជ្ឍមណ្ឌលប្រជាជន ដែលផ្តល់ភាពងាយស្រួលសម្រាប់អ្នកពាក់ព័ន្ធទាំងអស់។