ភ្នំពេញ៖ ក្រោយពីបានបិទបញ្ចប់ព្រឹត្តិការណ៍ប្រគំតន្ត្រីសប្បុរសធម៌ដ៏ធំប្រចាំឆ្នាំ ក្រោមប្រធានបទ៖ «សាមគ្គីភាពមនុស្សធម៌ ដើម្បីមាតុភូមិ និងស្នាមញញឹមកុមារកម្ពុជា» ដែលរៀបចំឡើងរយៈពេល៣ថ្ងៃពេញ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា និងប្រមូលថវិកាសប្បុរសធម៌សរុបចំនួន ២០០លានរៀល ក្រោមការដឹកនាំដោយ ឯកឧត្តម ជា លីសែ ទីប្រឹក្សាផលិតកម្ម Galaxy Navatra និងជាអ្នកដឹកនាំរៀបចំ ក្រោមការសហការរវាងផលិតកម្ម Galaxy Navatra, ក្រុមហ៊ុន Khmer Beverage, ក្រុមហ៊ុន NANO Sound និងដៃគូសហការដទៃទៀតរួចមក។

នៅថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារមហាព្រឹត្តិការណ៍ រួមមាន៖ ឯកឧត្តម ជា លីសែ ទីប្រឹក្សាផលិតកម្ម Galaxy Navatra, លោក អ៉ឹង វីរៈ អគ្គនាយកបន្តវេននៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តំណាងក្រុមហ៊ុន NANO Sound ព្រមទាំងសិល្បករ សិល្បការិនី បានអញ្ជើញនាំយកថវិកា និងសម្ភារឧបត្ថម្ភដ៏មានអត្ថន័យ ទៅប្រគល់ជូន សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នៅអគារ The Kampus ដើម្បីរួមចំណែកគាំទ្រដោយផ្ទាល់ដល់កម្មវិធីមនុស្សធម៌ «បេះដូងសប្បុរស ដើម្បីភូមិរង់ចាំ»។

អំណោយមនុស្សធម៌ដែលបានប្រគល់ជូនរួមមាន៖
•ថវិកាសាច់ប្រាក់៖ ចំនួន ៤០លានរៀល
•សម្ភារឧបត្ថម្ភរួមមាន៖ ទឹកពិសាកម្ពុជា, ទឹកក្រូចកម្ពុជាកូឡា, និងទឹកគោឆៅផ្កាឈូក
•ទឹកប្រាក់សរុប (រួមទាំងថវិកា និងសម្ភារ)៖ គិតជាទឹកប្រាក់ប្រហែល ជាង ៧ម៉ឺនដុល្លារ។
ទន្ទឹមនឹងនេះ ថវិកា និងជំនួយសប្បុរសធម៌ដ៏មានតម្លៃផ្សេងទៀតពីព្រឹត្តិការណ៍នេះ ក៏ត្រូវបានបែងចែកឧបត្ថម្ភជូនដល់វីរកងទ័ពជួរមុខ មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា និងប្រជាជនភៀសសឹក តាមរយៈរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ និងសម្តេចធិបតី ផងដែរ។
សកម្មភាពដ៏ប្រពៃនេះ គឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីស្មារតីសាមគ្គីជាតិដ៏អស្ចារ្យ ទឹកចិត្តស្រលាញ់ ការយកចិត្តទុកដាក់ និងស្មារតី «ខ្មែរជួយខ្មែរ» ក្នុងការរួមចំណែកបង្កើតស្នាមញញឹម ព្រមទាំងជួយសម្រាលការលំបាកជូនដល់មាតុភូមិ និងប្រជាពលរដ្ឋកម្ពុជា។
ក្រុមការងារសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំផលិតកម្ម Galaxy Navatra, ក្រុមហ៊ុន Khmer Beverage, ក្រុមហ៊ុន NANO Sound, ដៃគូសហការទាំងអស់ ព្រឹទ្ធាចារ្យសិល្បករ សិល្បការិនី តន្ត្រីករ ពិធីករ អាជ្ញាធររាជធានីភ្នំពេញ កងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យ ព្រមទាំងបងប្អូនមហាគ្រួសារខ្មែរ និងសប្បុរសជនទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ធនធាន និងចូលរួមគាំទ្រយ៉ាងសកម្មក្នុងស្មារតីសាមគ្គីភាពនេះ!









