ប្រទេសនេប៉ាល់ បានប៉ាន់ប្រមាណថាការខូចខាតបឋមដែលបណ្តាលមកពីគ្រោះទឹកជំនន់ភ្លាមៗ កាលពីថ្ងៃទី២៦ ខែសីហា អាចមានចំនួនប្រហែល ៤-៥ពាន់លានដុល្លារ ឬស្មើនឹង ១០% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក Swarnim Wagle រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ប្រទេសនេប៉ាល់ បានមានប្រសាសន៍នៅថ្ងៃទី៣១ ខែសីហាថា “ការប៉ាន់ស្មានដំបូងគឺប្រហែល ៤-៥ពាន់លានដុល្លារ” ដោយសំដៅទៅលើចំនួនទឹកប្រាក់ដែលត្រូវការដើម្បីដោះស្រាយផលវិបាកនៃគ្រោះទឹកជំនន់ភ្លាមៗដូចរលកយក្សស៊ូណាមិដែលបានកើតឡើងនៅថ្ងៃទី២៦ ខែសីហា។
ទន្ទឹមនឹងនេះ បើយោងតាមតួលេខរបស់ធនាគារពិភពលោក បានបង្ហាញថាផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេប៉ាល់ នៅឆ្នាំ២០២៥ នឹងមានចំនួនជាង ៤៥ពាន់លានដុល្លារ ដែលនេះមានន័យថាតួលេខនៃការខាតបង់នោះ គឺស្មើនឹង ១០% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក Wagle បានបន្ថែមថាប្រទេសរបស់ខ្លួន នៅតែត្រូវការទឹកប្រាក់តិចជាង បើធៀបទៅនឹងការចំណាយដើម្បីដោះស្រាយផលវិបាកនៃគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរបំផុត ដែលបានកើតឡើងនៅឆ្នាំ២០១៥ ខណៈមន្ត្រីកំពុងវាយតម្លៃការខូចខាតបន្ថែមទៀត។
គួរជម្រាបជូនផងដែរថា គ្រោះទឹកជំនន់ភ្លាមៗបានកើតឡើងនៅថ្ងៃទី២៦ ខែសីហា បន្ទាប់ពីផ្ទាំងទឹកកកនៅលើកំពូលភ្នំបានបាក់រលំ បង្កើតជាចរន្តទឹកដ៏ធំមួយដែលហូរចុះមកក្នុងតំបន់ខាងក្រោម។ ទឹកជំនន់បានហូរចុះតាមជ្រលងភ្នំចោតក្នុងល្បឿនលើសពី ១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង ជាមួយនឹងការនាំមកនូវក្រួស ថ្ម និងដើមឈើធំៗ បង្កើតជារលកទឹកជំនន់កម្ពស់រហូតដល់ ២១ ម៉ែត្រ។ ទឹកជំនន់ភ្លាមៗ នេះបានបំផ្លាញទីក្រុងជាច្រើននៅតាមតំបន់ព្រំដែន ហូរកាត់ស្ពាន ផ្លូវថ្នល់ និងបំផ្លាញរោងចក្រថាមពលវារីអគ្គិសនីសំខាន់ៗ ក៏ដូចជាធ្វើឲ្យមនុស្សស្លាប់ និងបាត់ខ្លួនរាប់រយរាប់ពាន់នាក់ផងដែរ៕

