យោងតាមប្រធានាធិបតីស្តីទី លោកស្រី Delcy Rodriguez បានបង្ហាញឲ្យដឹងថា ថ្មីៗនេះ ប្រទេសវេណេស៊ុយអេឡា បានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងថាមពល ជាមួយសហរដ្ឋអាមេរិក សម្រាប់រយៈពេល ២៥ឆ្នាំ និងមានគោលបំណងបង្កើនផលិតកម្មប្រេងដល់ ១,៥លានបារ៉ែលក្នុងមួយថ្ងៃ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងតាមលោកស្រី Rodriguez បានហៅវាថាជាកិច្ចព្រមព្រៀង “ប្រវត្តិសាស្ត្រ” ដែលនឹងជួយស្តារសេដ្ឋកិច្ច និងបង្កើនប្រាក់ចំណូលរបស់រដ្ឋាភិបាល ខណៈពេលដែលវាក៏នឹងរួមចំណែកដល់ការបង្កើតអនាគតរបស់ប្រទេសផងដែរ។
ដោយបានថ្លែងនៅលើកញ្ចក់ទូរទស្សន៍ជាតិ ប្រធានាធិបតីស្តីទីរូបនេះ បានលើកឡើងថា ៖”គម្រោងទ្វេភាគីរយៈពេល ២៥ឆ្នាំនេះ អាចអភិវឌ្ឍវាលបូមប្រេងយុទ្ធសាស្ត្រចំនួន ១៧ នៅក្នុងប្រទេស ដោយមានគោលដៅផលិតបានជាង ១,៥ លានបារ៉ែលក្នុងមួយថ្ងៃ”។
លោកស្រី រី Rodriguez បានបន្ថែមថា តួលេខ ១,៥ លានបារ៉ែលនេះ គឺគ្រាន់តែជាគោលដៅដំបូងប៉ុណ្ណោះ។ ប្រទេសទាំងពីរក៏មានផែនការធំៗ ផ្សេងទៀតផងដែរ រួមទាំងការអភិវឌ្ឍប្លុកប្រេង និងឧស្ម័នថ្មីទាំងស្រុងចំនួនប្រាំបី ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ប្រទេសវេណេស៊ុយអេឡា ដើម្បីពង្រីកវិស័យថាមពលរបស់ខ្លួន។
គួរជម្រាបជូនថា យោងតាមរដ្ឋាភិបាលវេណេស៊ុយអេឡា កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកនេះ អាចបង្កើតចំណូលរដ្ឋប្រមាណ ២០៩ពាន់លានដុល្លារ ដោយផ្អែកលើតម្លៃប្រេង ៦៥ដុល្លារក្នុងមួយបារ៉ែល៕

