លោក Jensen Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia បាននិយាយបែបលេងសើចថាអ្នកណាដែលបានទទួលទានអាហារពេលល្ងាចជាមួយលោក តែងតែឃើញតម្លៃភាគហ៊ុនក្រុមហ៊ុនរបស់ពួកគេកើនឡើងទ្វេដងនៅថ្ងៃបន្ទាប់មិនខាន ខណៈពេលដែលការចេញក្រៅជាសាធារណៈរបស់លោក កំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់វិនិយោគិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Fortune។

លោក Huang បានថ្លែងក្នុងអំឡុងពេលកិច្ចប្រជុំរបាយការណ៍ប្រាក់ចំណេញប្រចាំត្រីមាសរបស់ Nvidia កាលពីថ្ងៃទី២៦ ខែសីហាថា ៖”រឿងមួយដែលគួរឲ្យអស់សំណើចបំផុតដែលពួកគេត្រូវធ្វើ គឺគ្រាន់តែទៅរកមើលថា តើខ្ញុំទៅញ៉ាំអាហារពេលល្ងាចនៅទីណា ហើយជាមួយអ្នកណា។ នោះតម្លៃភាគហ៊ុនក្រុមហ៊ុនរបស់ពួកគេនឹងកើនឡើងទ្វេដងនៅថ្ងៃបន្ទាប់មិនខាន”។
យ៉ាងណាមិញ បើទោះបីជាលោក Huang និយាយលេងសើចអំពីភាគហ៊ុនកើនឡើងទ្វេដងត្រឹមតែមួយយប់ក៏ដោយ ប៉ុន្តែក្រុមហ៊ុនណាមួយដែលមានពាក់ព័ន្ធនឹងការញ៉ាំអាហារពេលល្ងាចជាសាធារណៈជាមួយ លោក Huang គឺពិតជាបានកត់ត្រានូវការកើនឡើងតម្លៃភាគហ៊ុនរបស់ពួកគេយ៉ាងខ្លាំងពិតប្រាកដមែន។
កាលពីខែមិថុនា លោក Huang បានចូលហូបសាច់អាំងកូរ៉េនៅភោជនីយដ្ឋានមួយក្នុងទីក្រុងសេអ៊ូល ជាមួយប្រធានក្រុមហ៊ុន SK Group លោក Chey Tae-won, ប្រធានក្រុមហ៊ុន LG Group លោក Koo Kwang-mo និងស្ថាបនិកក្រុមហ៊ុន Naver លោក Lee Hae-jin។ ក្រោយមកតម្លៃភាគហ៊ុនរបស់ LG Electronics បានហក់ឡើងប្រហែល ៣០% ខណៈពេលដែលភាគហ៊ុនរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ LG ផ្សេងទៀតបានកើនឡើងចន្លោះ ១៧% ទៅ ២៩% ផងដែរ។
លើសពីនេះ នៅពេលដែលលោក Huang ចូលហូបមាន់បំពង និងស្រាបៀរជាមួយប្រធានក្រុមហ៊ុន Samsung Electronics លោក Jay Y. Lee និងនាយកប្រតិបត្តិក្រុមហ៊ុន Hyundai Motor លោក Chung Euisun នៅកូរ៉េខាងត្បូង កាលពីខែតុលាឆ្នាំមុន ភាគហ៊ុនរបស់ក្រុមហ៊ុនកែច្នៃសាច់មាន់ Cherrybro, ក្រុមហ៊ុនមាន់បំពង Kyochon F&B និងក្រុមហ៊ុនផលិតរូបូតធ្វើមាន់បំពង Neuromeka សុទ្ធតែបានកើនឡើង ផងដែរ។
គួរជម្រាបជូនផងដែរថា ជុំវិញទម្លាប់នៃការទទួលទានអាហាររបស់មេធំក្រុមហ៊ុនបន្ទះឈីបខ្នាតយក្សរូបនេះ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង រហូតដល់ស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យា Dan Liu បានបង្កើតវេបសាយមួយដាក់ឈ្មោះថា “Jensen Eats” ដើម្បីតាមដានភោជនីយដ្ឋានដែលលោក Huang ទៅនៅជុំវិញពិភពលោក៕

