ក្រុមហ៊ុន Google បានប្តូរឈ្មោះបឹង Ontario ទៅជាបឹងអាមេរិកវិញ នៅលើកម្មវិធី Google Maps របស់ខ្លួន សម្រាប់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក ដោយអនុវត្តតាមបទបញ្ជារបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីសប្តាហ៍មុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សអាមេរិកនេះ បាននិយាយថា ខ្លួនកំពុងអនុវត្តតាមការប្តូរទៅប្រើប្រាស់ឈ្មោះថ្មីដោយផ្អែកតាមប្រព័ន្ធព័ត៌មានឈ្មោះភូមិសាស្រ្តអាមេរិក (GNIS)។ ជុំវិញវិធានការនេះ អ្នកប្រើប្រាស់កម្មវិធី Google Maps នៅសហរដ្ឋអាមេរិកនឹងឃើញឈ្មោះ “បឹងអាមេរិក” ខណៈអ្នកដែលនៅកាណាដានឹងបន្តឃើញឈ្មោះ “បឹង Ontario” ហើយអ្នកដែលនៅខាងក្រៅសហរដ្ឋអាមេរិក និងកាណាដានឹងឃើញឈ្មោះបឹងទាំងពីរ។
គួរឲ្យដឹងថាការផ្លាស់ប្តូរនេះ គឺស្រដៀងគ្នាទៅនឹងពេលដែលប្រធានាធិបតី ត្រាំ បានប្តូរឈ្មោះឈូងសមុទ្រម៉ិកស៊ិកទៅជា “ឈូងសមុទ្រអាមេរិក” កាលពីឆ្នាំមុនផងដែរ។
យ៉ាងណាមិញ លោក ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាមួយ កាលពីថ្ងៃទី២៧ ខែសីហា ដោយប្តូរឈ្មោះបឹង Ontario ទៅជាបឹងអាមេរិក ដោយអះអាងថាផ្នែកជ្រៅបំផុតនៃបឹងនេះ គឺស្ថិតនៅខាងទឹកដីសហរដ្ឋអាមេរិក ដូច្នេះវាគួរតែត្រូវដាក់ឈ្មោះតាមអាមេរិក។ ហើយការផ្លាស់ប្តូរនេះបានកើតឡើងចំពេលមានភាពតានតឹងពាណិជ្ជកម្មកាន់តែខ្លាំងឡើងជាមួយប្រទេសកាណាដា។
ទន្ទឹមនឹងនេះ ជាឆ្លើយតបទៅនឹងការផ្លាស់ប្តូររបស់លោក ត្រាំ ក្នុងការប្តូរឈ្មោះបឹងនេះ នាយករដ្ឋមន្ត្រីកាណាដា លោក Carney បានកត់សម្គាល់ថាបឹង Ontario គឺជាឈ្មោះប្រវត្តិសាស្ត្រដែលជនជាតិដើមភាគតិចបានផ្តល់ឱ្យបឹងនេះ ពោលគឺមុនពេលមានការបង្កើតសហរដ្ឋអាមេរិក និងកាណាដាទៅទៀត៕

