លោក Pham Nhat Vuong ដែលជាប្រធានក្រុមហ៊ុន Vingroup និងភរិយារបស់លោក គឺលោកស្រី Pham Thu Huong និងជាអ្នកមានដាច់គេទាំងពីររបស់វៀតណាម មានទ្រព្យសម្បត្តិរួមគ្នាសរុប ៤០,៦ពាន់លានដុល្លារ ពោលគឺស្មើនឹងជិត ៧៤,៥% នៃចំនួនទ្រព្យសម្បត្តិសរុបដែលកាន់កាប់ដោយមហាសេដ្ឋីកំពូលៗទាំងប្រាំបីរូបរបស់ប្រទេស។

យោងតាម Forbes បានបង្ហាញថា កំពូលអ្នកមានបំផុតរបស់វៀតណាមទាំងប្រាំបីរូប មានទ្រព្យសម្បត្តិរួមគ្នាសរុបចំនួន ៥៤,៥ពាន់លានដុល្លារ។ ក្នុងនោះលោក Vuong ឈរនៅចំណាត់ថ្នាក់លេខ១ ជាមួយទ្រព្យសម្បត្តិសរុប ៣៦,៥ពាន់លានដុល្លារ ហើយក៏ធ្វើឲ្យលោកជាអ្នកមានបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ផងដែរ។
មិនតែប៉ុណ្ណោះ ប្រធានក្រុមហ៊ុន Vingroup រូបនេះ ជាប់ចំណាត់ថ្នាក់ទី៦០ ទូទាំងពិភពលោកថែមទៀតផង។ ដោយឡែកភរិយារបស់គាត់ គឺលោកស្រី Pham Thu Huong ដែលជាអនុប្រធាន Vingroup ថ្មីៗនេះបានឡើងតំណែងជាអ្នកមានដាច់គេទី២ របស់វៀតណាមផងដែរ ដោយមានទ្រព្យសម្បត្តិសរុប ៤,១ពាន់លានដុល្លារ ដោយវ៉ាដាច់លោកស្រី Nguyen Thi Phuong Thao ប្រធានក្រុមហ៊ុន Vietjet ដែលមានទ្រព្យសម្បត្តិ ៤ពាន់លានដុល្លារ។
ជម្រាបជូនថា លោកស្រី Huong បានចូលក្នុងបញ្ជីមហាសេដ្ឋីពិភពលោកប្រចាំឆ្នាំរបស់ទស្សនាវដ្តី Forbes របស់សហរដ្ឋអាមេរិកជាលើកដំបូងកាលពីខែកុម្ភៈ រួមជាមួយប្អូនស្រីរបស់លោកស្រី ឈ្មោះ Pham Thuy Hang ដែលឥឡូវនេះជាអ្នកមានបំផុតទីបួនរបស់ប្រទេសវៀតណាម ដែលមានទ្រព្យសម្បត្តិ ២,៩ពាន់លានដុល្លារ៕

