រោងចក្រទាំង ៤ របស់ក្រុមហ៊ុនខ្នាតយក្ស Samsung នៅប្រទេសវៀតណាម បានរាយការណ៍អំពីប្រាក់ចំណេញសរុបចំនួន ២,៣ពាន់លានដុល្លារ នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ដែលជាការកើនឡើង ២៣,៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆមាស ឆ្នាំនេះ ក្រុមហ៊ុន Samsung Electronics បានទម្លាយពីប្រាក់ចំណូលរបស់រោងចក្រធំៗទាំង ៤ របស់ខ្លួននៅវៀតណាម រួមមាន Samsung Thai Nguyen, Samsung Electronics Vietnam Bac Ninh, Samsung Display Vietnam Bac Ninh និង Samsung Electronics HCMC CE Complex នៅទីក្រុងហូជីមិញផងដែរ។
យោងតាមរបាយការណ៍ដដែល រោងចក្រទាំង ៤ នេះ បានបង្កើតបានប្រាក់ចំណូលសរុប ៥២,២៥ទ្រីលានវ៉ុន (ប្រហែល ៣៥,២ពាន់លានដុល្លារ) ដែលកើនឡើង ២១% ធៀបនឹងលទ្ធផលឆ្នាំមុន។ ចំពោះប្រាក់ចំណេញវិញ បានកើនឡើងដល់ប្រហែល ៣,៤២៨ទ្រីលានវ៉ុន (ឬប្រហែល ២,៣១ពាន់លានដុល្លារ) ពោលគឺកើនឡើង ២៣,៥% ធៀបនឹងឆមាសទីមួយនៃឆ្នាំ២០២៥។
យ៉ាងណាមិញ ដូចបណ្តាឆ្នាំមុនៗដែរ រោងចក្រ Samsung Thai Nguyen (SEVT) ដែលជាកន្លែងផលិតទូរស័ព្ទដៃ និងឧបករណ៍ទូរគមនាគមន៍ អាចរកបានប្រាក់ចំណូល និងប្រាក់ចំណេញច្រើនជាងគេបំផុតជូនក្រុមហ៊ុនមេនៅវៀតណាម ដោយទទួលបានប្រាក់ចំណូល ១៦,២ពាន់លានដុល្លារ និងប្រាក់ចំណេញ ១,០៨ពាន់លានដុល្លារ។
ទន្ទឹមនឹងនេះ ទាក់ទងនឹងផ្នែកប្រាក់ចំណូល រោងចក្រ Samsung Electronics Vietnam (SEV) នៅខេត្ត Bac Ninh ជាប់លេខ២ ដោយរកបាន ៩,១ពាន់លានដុល្លារ (កើនឡើង ១៥,៤%) ខណៈប្រាក់ចំណេញសម្រេចបាន ៦៧០លានដុល្លារ៕

