CDC ប្ដេជ្ញាសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមជូនវិនិយោគិនឱ្យបានជាអតិបរមា

សង្គម​ និង​សេដ្ឋកិច្ច

គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ប្ដេជ្ញាចិត្តសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមជូនវិនិយោគិនឱ្យបានជាអតិបរមា សំដៅជំរុញការវិនិយោគនៅកម្ពុជាឱ្យកាន់ខ្លាំងថែមទៀត។ការប្តេជ្ញានេះ បានធ្វើឡើនៅក្នុងកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំធុរកិច្ចចិន-អាស៊ាន ឆ្នាំ២០២៦ កាលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមការដឹកនាំ ដោយលោក លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនេះ លោកអគ្គលេខាធិការរង បានបកស្រាយអំពីគោលការណ៍លើកទឹកចិត្ត ក្រោមច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់នេះ ដូចជា ការលើកទឹកចិត្តជាមូលដ្ឋាន, ការលើកទឹកចិត្តបន្ថែម, ការលើកទឹកចិត្តពិសេស, ការលើកទឹកចិត្តលើគម្រោងពង្រីក និងសិទ្ធិនាំចូលដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែម ជាបន្ទុករបស់រដ្ឋនូវសម្ភារៈសាងសង់ បរិក្ខារសំណង់ និងសម្ភារៈបរិក្ខារផលិតកម្ម និងធាតុចូលផលិតកម្ម ជាដើម។

លោក​ក៏បានគូសបញ្ជាក់អំពីកាលានុវត្តភាព ដែលវិនិយោគិនចិនអាចទទួលបានពីការអភិវឌ្ឍរបៀងឧស្សាហកម្ម ផងដែរ គឺការទទួលបានហេដ្ឋារចនាសម្ព័ន្ធដែលកាន់តែល្អប្រសើរ ជាមួយនឹងថ្លៃដឹកជញ្ជូនកាន់តែប្រកួតប្រជែង ក្នុងការពង្រីកអាជីវកម្ម ដែលស្របតាមគោលដៅរយៈពេលខ្លី “តំបន់ស្នូល ២ អមដោយខ្សែអ័ក្ស ២” នៃការអភិវឌ្ឍរបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា តាមរយៈកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន។

ជាថ្មីម្តងទៀត តាមរយៈកិច្ចប្រជុំនោះ អគ្គលេខាធិការរង ក៏បានថ្លែងអំណរគុណដល់វិនិយោគិនចិន ដែលបានវិនិយោគនៅកម្ពុជា និងលើកទឹកចិត្តឱ្យវិនិយោគិនចិនបន្តវិនិយោគនៅកម្ពុជាបន្ថែមទៀត ខណៈលោកថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានប្ដេជ្ញាចិត្តសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមជូនវិនិយោគិនឱ្យបានជាអតិបរមាផងដែរ៕ អត្ថបទហ៖ហ្សាលីន