ប្រវត្តិសាស្ត្ររាប់រយឆ្នាំមិនធ្លាប់មាន! ផលិតកម្មសំបកកង់រថយន្តរបស់កម្ពុជា បានវ៉ាឈ្នះប្រទេសថៃជាលើកដំបូង គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦

សង្គម​ និង​សេដ្ឋកិច្ច

នៅក្នុងឆមាសទី១ ឆ្នាំ២០២៦ រចនាសម្ព័ន្ធឧស្សាហកម្មសំបកកង់នៅអាស៊ីអាគ្នេយ៍បានឈានដល់ចំណុចផ្លាស់ប្តូរដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រ ដោយផលិតកម្មសំបកកង់រថយន្តរបស់កម្ពុជា បានវ៉ាឈ្នះប្រទេសថៃជាលើកដំបូង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក គឹន ឧត្តមមុនីស៊ីណាត អគ្គនាយកក្រុមហ៊ុន PIC TIRE ថ្មីៗនេះបានលើកឡើងនៅក្នុងកិច្ចសំភាសមួយក្រោមប្រធានបទ “ឱកាសសម្រាប់ពង្រីកសក្តានុពលនៃឧស្សាហកម្មផលិតសំបកកង់រថយន្តនៅកម្ពុជា” ថា គិតត្រឹមខែមិថុនា ឆ្នាំ២០២៦ ផលិតកម្មសំបកកង់រថយន្តរបស់កម្ពុជា បានវ៉ាឈ្នះប្រទេសថៃជាលើកដំបូង។ លោកបានហៅព្រឹត្តិការណ៍នេះថា «ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលមិនធ្លាប់មាន ក្នុងរយៈពេលរាប់រយឆ្នាំមកនេះ»។

ការលើកឡើងនេះមិនមែនគ្មានមូលហេតុនោះទេ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានទាក់ទាញ​រោងចក្រ​ផលិតសំបកកង់រថយន្តប្រមាណ ១០ រោងចក្រ ឱ្យចូលមកដំណើរការ ដោយសារគោលនយោបាយនាំចេញដោយមិនគិតពន្ធគយ និងអត្ថប្រយោជន៍ផ្នែកពន្ធ។

សមត្ថភាពផលិតដ៏ធំរបស់កម្ពុជា ភាគច្រើនត្រូវបានផ្តោតលើការនាំចេញ។ ក្នុងអំឡុងឆ្នាំ២០២៥–២០២៦ សំបកកង់រថយន្តផលិតនៅកម្ពុជា ត្រូវបាននាំចេញទៅកាន់ប្រទេសចំនួន ៩៦ នៅជុំវិញពិភពលោក ក្នុងនោះរួមមានសហរដ្ឋអាមេរិក និងប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន។

សូមជម្រាបថា PIC TIRE គឺជាក្រុមហ៊ុនចែកចាយផ្តាច់មុខនូវផលិតផលសំបកកង់រថយន្តម៉ាក SAILUN ដែលរួមមានទាំងផលិតផលនាំចូល និងផលិតផលដែលផលិតនៅក្នុងប្រទេសកម្ពុជា។ Sailun ផលិតដោយប្រើជ័រកៅស៊ូខ្មែរ មានរោងចក្រនៅខេត្តស្វាយរៀង។ ក្រុមហ៊ុនផលិត​សំបកកង់រថយន្តខ្នាតយក្ស កំពុងឈរជើងនៅកម្ពុជាមួយនេះ ក៏កំពុងរួមចំណែក ផ្ដល់ឱកាសការងារជាច្រើន​ពាន់កន្លែងដល់ប្រជាពលរដ្ឋខ្មែរផងដែរ។