កម្ពុជា-វៀតណាម បន្តប្ដេជ្ញាចិត្តពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់ ២០ពាន់លានដុល្លារអាម៉េរិក នាពេលខាងមុខ

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា និងវៀតណាម បានប្ដេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការល្អ តាមរយៈការបន្តពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដើម្បីរួមចំណែក ឆ្ពោះទៅសម្រេចឱ្យបានទំហំពាណិជ្ជកម្មទ្វេភាគី ២០ពាន់លានដុល្លារអាម៉េរិក នាពេលខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមកិច្ចប្រជុំពិភាក្សាទ្វេភាគីរវាងក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងក្រសួងសំណង់វៀតណាម នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់លោក ត្រាន ហុង មិញ រដ្ឋមន្រ្តីក្រសួងសំណង់នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ឆ្លៀតក្នុងឱកាសនោះដែរ ភាគីទាំងពីរបានប្ដេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការល្អ តាមរយៈការបន្តពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដើម្បីរួមចំណែក ឆ្ពោះទៅសម្រេចឱ្យបានទំហំពាណិជ្ជកម្មទ្វេភាគី ២០ពាន់លានដុល្លារអាម៉េរិក នាពេលខាងមុខ។

សូមជម្រាបថា ប្រមុខរដ្ឋាភិបាលកម្ពុជានិងវៀតណាម ធ្លាប់បានឯកភាពគ្នា និងឈរលើមូលដ្ឋានកម្រិតកិច្ចសហប្រតិបត្តិការ «អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងយូរអង្វែងប្រកបដោយចីរភាព» ដោយសម្រេចឱ្យបានទំហំពាណិជ្ជកម្មទ្វេភាគី ២០ពាន់លានដុល្លារអាម៉េរិក នាពេលខាងមុខនេះ។

គិតត្រឹម៧ខែ ឆ្នាំ២០២៦នេះ ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម សម្រេចបានចំនួន៥,៣៥៣លានដុល្លារ កើនចំនួន៨.២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៥ មានចំនួន៤,៩៤៧លានដុល្លារ។ ក្នុងនោះ កម្ពុជាបាននាំចេញទំនិញ ទៅកាន់ប្រទេសវៀតណាម ក្នុងទំហំទឹកប្រាក់២,៧៣២លានដុល្លារ កើនឡើងចំនួន១២.៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៥ មានចំនួន២,៤៣១លានដុល្លារ។

ដោយឡែក ការនាំចូលទំនិញវៀតណាម ចូលមកកាន់ប្រទេសកម្ពុជាវិញ ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦នេះ ក្នុងទំហំទឹកប្រាក់ចំនួន២,៦២០លានដុល្លារ មានការកើនឡើងចំនួន៤.២ភាគរយ​ បើធៀបនឹងរយៈពេលដូចគ្នា នៅក្នុងឆ្នាំ២០២៥ មានចំនួន២,៥១៦លានដុល្លារ។

ផលិតផល​សំខាន់ៗ​របស់​កម្ពុជា ដែល​នាំចេញទៅប្រទេស​វៀតណាម រួមមាន ​ស្រូវ​ កៅស៊ូ ​ស្វាយចន្ទី ​ដំឡូងមី ពោត ចេក ស្វាយ ថ្នាំជក់ ​ចំណែក​ឯវៀតណាម​នាំចូលមក​វិញ រួមមាន សម្ភារ​សំណង់ គ្រឿង​ម៉ាស៊ីន ប្រេង​ឥន្ធនៈ ឧបក​រណ៍​អេឡិចត្រូនិក​-​អគ្គិសនី ជី​កសិកម្ម គ្រឿងទេស និង​បន្លែ ផ្លែឈើ ជាដើម៕