កម្ពុជា និងវៀតណាម បានប្ដេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការល្អ តាមរយៈការបន្តពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដើម្បីរួមចំណែក ឆ្ពោះទៅសម្រេចឱ្យបានទំហំពាណិជ្ជកម្មទ្វេភាគី ២០ពាន់លានដុល្លារអាម៉េរិក នាពេលខាងមុខ។
នេះបើតាមកិច្ចប្រជុំពិភាក្សាទ្វេភាគីរវាងក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងក្រសួងសំណង់វៀតណាម នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់លោក ត្រាន ហុង មិញ រដ្ឋមន្រ្តីក្រសួងសំណង់នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ឆ្លៀតក្នុងឱកាសនោះដែរ ភាគីទាំងពីរបានប្ដេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការល្អ តាមរយៈការបន្តពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដើម្បីរួមចំណែក ឆ្ពោះទៅសម្រេចឱ្យបានទំហំពាណិជ្ជកម្មទ្វេភាគី ២០ពាន់លានដុល្លារអាម៉េរិក នាពេលខាងមុខ។

សូមជម្រាបថា ប្រមុខរដ្ឋាភិបាលកម្ពុជានិងវៀតណាម ធ្លាប់បានឯកភាពគ្នា និងឈរលើមូលដ្ឋានកម្រិតកិច្ចសហប្រតិបត្តិការ «អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងយូរអង្វែងប្រកបដោយចីរភាព» ដោយសម្រេចឱ្យបានទំហំពាណិជ្ជកម្មទ្វេភាគី ២០ពាន់លានដុល្លារអាម៉េរិក នាពេលខាងមុខនេះ។
គិតត្រឹម៧ខែ ឆ្នាំ២០២៦នេះ ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម សម្រេចបានចំនួន៥,៣៥៣លានដុល្លារ កើនចំនួន៨.២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៥ មានចំនួន៤,៩៤៧លានដុល្លារ។ ក្នុងនោះ កម្ពុជាបាននាំចេញទំនិញ ទៅកាន់ប្រទេសវៀតណាម ក្នុងទំហំទឹកប្រាក់២,៧៣២លានដុល្លារ កើនឡើងចំនួន១២.៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៥ មានចំនួន២,៤៣១លានដុល្លារ។

ដោយឡែក ការនាំចូលទំនិញវៀតណាម ចូលមកកាន់ប្រទេសកម្ពុជាវិញ ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦នេះ ក្នុងទំហំទឹកប្រាក់ចំនួន២,៦២០លានដុល្លារ មានការកើនឡើងចំនួន៤.២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៅក្នុងឆ្នាំ២០២៥ មានចំនួន២,៥១៦លានដុល្លារ។
ផលិតផលសំខាន់ៗរបស់កម្ពុជា ដែលនាំចេញទៅប្រទេសវៀតណាម រួមមាន ស្រូវ កៅស៊ូ ស្វាយចន្ទី ដំឡូងមី ពោត ចេក ស្វាយ ថ្នាំជក់ ចំណែកឯវៀតណាមនាំចូលមកវិញ រួមមាន សម្ភារសំណង់ គ្រឿងម៉ាស៊ីន ប្រេងឥន្ធនៈ ឧបករណ៍អេឡិចត្រូនិក-អគ្គិសនី ជីកសិកម្ម គ្រឿងទេស និងបន្លែ ផ្លែឈើ ជាដើម៕




