កម្ពុជា-រុស្សី ពិនិត្យលទ្ធភាពក្នុងការពង្រីកវិស័យថ្មីៗ ពិសេសលើកិច្ចសហប្រតិបត្តិការសំខាន់ៗ ចំនួន៣ ដូចជា៖ ការកែច្នៃម្ហូបអាហារ កសិ-ឧស្សាហកម្ម និងបច្ចេកវិទ្យាធារាសាស្ត្រ។ នេះបើយោងតាមជំនួបពិភាក្សាការងាររវាង លោក លឹម ផាន់ភារៈ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាមួយលោក Nikita KONDRATEV អគ្គនាយកនៃនាយកដ្ឋានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពហុភាគី និងគម្រោងពិសេស នៃក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ី កាលពីសប្តាហ៍មុន។

ជំនួបរវាងភាគីទាំងពីរធ្វើឡើងក្នុងឱកាសនៃការអញ្ជើញចូលរួមក្នុងវេទិកាសេដ្ឋកិច្ចបូព៌ា លើកទី១១ (11th Eastern Economic Forum) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។
ភាគីទាំងពីរបានសម្តែងនូវការអបអរសាទរចំពោះការប្រារព្ធខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-រុស្ស៊ី នៅឆ្នាំ២០២៦ និងបានប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងការអនុវត្តយន្តការ និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ (ដូចជាក្រុមការងាររួមជាន់ខ្ពស់ដើម្បីជំរុញគម្រោងអាទិភាពរួមកម្ពុជា-រុស្ស៊ី) និងពិនិត្យលទ្ធភាពក្នុងការពង្រីកវិស័យថ្មីៗនៃកិច្ចសហប្រតិបត្តិការ (ដូចជាការកែច្នៃម្ហូបអាហារ កសិ-ឧស្សាហកម្ម និងបច្ចេកវិទ្យាធារាសាស្ត្រ)។

ពាក់ព័ន្ធនឹង កម្ពុជា-រុស្ស៊ីនេះ ភាគីទាំងពីរ បានឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ភាគីទាំងពីរ ក៏បានផ្លាស់ប្ដូរយោបល់គ្នាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន៖ ពាណិជ្ជកម្ម និងវិនិយោគ, អប់រំ, ថាមពល, ការតភ្ជាប់រវាងប្រជាជន និងប្រជាជន, ទេសចរណ៍, កសិកម្ម, សន្តិសុខ និងការពារជាតិ ជាដើម។ នេះបើយោងតាមជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយ លោក អន់ដ្រេ រ៉ូឌែនកូ (Andrey RUDENKO) អនុរដ្ឋមន្ត្រីការបរទេសនៃសហព័ន្ធរុស្ស៊ីកាលខែសីហា ៕អត្ថបទ៖ហ្សាលីន

