ឯកអគ្គរដ្ឋទូតអូទ្រីស ជំរុញក្រុមហ៊ុនធំចំនួន២ ឱ្យមកវិនិយោគផ្លូវដែកល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត

សង្គម​និង​សេដ្ឋកិច្ច

ឯកអគ្គរដ្ឋទូត នៃប្រទេសអូទ្រីស ប្រចាំកម្ពុជា បានធ្វើការជំរុញ និងណែនាំទៅកាន់ក្រុមហ៊ុនធំៗចំនួន២ របស់ប្រទេសអូទ្រីស ឱ្យមកវិនយោគលើគម្រោងផ្លូវដែកល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត។ ការលើកឡើងនេះ បានបង្ហាញឡើងតាមរយៈជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រសួងសារធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Wilhelm Maximilian Donko ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋអូទ្រីស ប្រចាំកម្ពុជា បានឱ្យដឹងថា ជំនួបពិភាក្សានេះ ធ្វើឡើងដើម្បីធ្វើការណែនាំអំពី ក្រុមហ៊ុនពាក់ព័ន្ធនឹងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងរំពឹងថានឹងមានកិច្ចសហប្រតិបត្តិការល្អៗរវាងប្រទេសទាំងពីរនាពេលខាងមុខ។

នាឱកាសនោះ លោកឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវចំណាប់អារម្មណ៍ខ្ពស់ លើការរីកចម្រើនគួរឱ្យកត់សម្គាល់របស់កម្ពុជា ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនកម្ពុជា។ លោកបន្តថា ដោយហេតុសង្កេតឃើញថា ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានធ្វើការសិក្សាអំពីគម្រោងលើកកម្រិតផ្លូវដែកពីភ្នំពេញ ទៅប៉ោយប៉ែត ឱ្យទៅជាផ្លូវដែកល្បឿនលឿន ហេតុនេះ លោកក៏បានធ្វើការណែនាំក្រុមហ៊ុនធំៗមកពីប្រទេសអូទ្រីសចំនួនពីរពាក់ព័ន្ធនឹងគម្រោងនេះផងដែរ។

លោកបានបញ្ជាក់បន្ថែមថា៖ «ក្រុមដែលបានណែនាំនោះ រួមមាន៖ ក្រុមហ៊ុន Plasser & Theurer, Export von Bahnbaumaschinen, GmbH ដែលពោរពេញដោយបទពិសោធន៍ក្នុងវិស័យផ្លូវដែក និងក្រុមហ៊ុន Bruck Consulting ដែលជាក្រុមហ៊ុនផ្តល់ការប្រឹក្សាយោបល់លើគម្រោងធំៗមកជាង៣០ឆ្នាំហើយ ហើយសង្ឃឹមថានឹងមានឱកាសសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងគម្រោងពាក់ព័ន្ធនានា នៅពេលអនាគត»។

ជាការឆ្លើយតប លោក តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដែរថា គម្រោងលើកកម្រិតផ្លូវដែកពីភ្នំពេញ ទៅប៉ោយប៉ែត ឱ្យទៅជាផ្លូវដែកល្បឿនលឿន កំពុងស្ថិតក្នុងដំណាក់កាលសិក្សាសមិទ្ធិលទ្ធភាព គ្រោងនឹងបញ្ចប់នាពេលឆាប់ៗខាងមុខនេះ ហើយជំហានបន្ទាប់គឺការស្វែងរកដៃគូវិនិយោគ។ ជាមួយគ្នានេះ លោក ក៏បានផ្ដល់អនុសាសន៍ជូនភាគីសាធារណរដ្ឋអូទ្រីស ឱ្យធ្វើការផ្ទាល់ជាមួយនឹងអង្គភាពជំនាញដូចជានាយដ្ឋានផ្លូវដែក និងអគ្គនាយកដ្ឋានផ្សេងៗទៀតផងដែរ ដើម្បីពិនិត្យមើលថាតើប្រទេសទាំងពីរអាចមានកិច្ចសហការជាមួយគ្នា ទាក់ទងនឹងគម្រោងអភិវឌ្ឍន៍លើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននាពេលអនាគត។

គួរបញ្ជាក់ថា បើតាមក្រសួងសារធារណការ គម្រោងផ្លូវរថភ្លើងល្បឿនលឿន មានប្រវែង ៣៨២គីឡូម៉ែត្រ ដែលត្រូវការទុនវិនិយោគជាង ៤ពាន់លានដុល្លារអាមេរិក ដោយក្នុងនោះមានរួមបញ្ចូលទាំងក្បាល និងទូរថភ្លើងសម្រាប់ដំណើរការ ដែលប្រើរយៈពេលសាងសង់ចំនួន ៤ឆ្នាំ។ ផ្លូវនេះ មានខ្នាតទទឹងប្រវែង ១.៤៣៥មីលីម៉ែត្រ ហើយល្បឿនសម្រាប់ធ្វើចរាចរណ៍គឺ ១៦០គីឡូម៉ែត្រក្នុងមួយម៉ោង និងមានស្ថានីយសរុបចំនួន៣៣ សម្រាប់ដំណើរការ។ ក្នុងនោះមានស្ថានីយចំនួន១៩ ក្នុងផែនការរយៈពេលខ្លី និងគ្រោងបន្ថែមចំនួន ១៤ទៀត ក្នុងផែនការរយៈពេលវែង៕ អត្ថបទ៖ ពិសី