ក្រុមហ៊ុន Vietravel ប្តេជ្ញាបន្ត និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយកម្ពុជា តាមរយៈការនាំភ្ញៀវទេសចរពីវៀតណាមមកកម្ពុជាបន្ថែម។ នេះបើតាមរយៈជំនួបពិភាក្សាការងាររវាងលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយលោក Pham Hoang Hung តំណាងក្រុមហ៊ុន Vietravel និងទទួលបន្ទុកផ្នែកអភិវឌ្ឍអាជីវកម្ម កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ នាទីក្រុងហូជីមិញ។

ក្នុងជំនួបនោះ លោក ហួត ហាក់ បានវាយតម្លៃខ្ពស់ចំពោះការផ្តល់នូវយុទ្ធសាស្រ្តល្អៗដើម្បីអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាជាមួយរាជរដ្ឋាភិបាលកម្ពុជា តួយ៉ាង លោករដ្ឋមន្ត្រី ក៏បានស្នើឱ្យជួយផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាឱ្យបានកាន់តែទូលំទូលាយ ដើម្បីទាក់ទាញភ្ញៀវវៀតណាម និងភ្ញៀវអន្តរជាតិ ឱ្យចូលមកទស្សនាកម្ពុជាកាន់តែច្រើនបន្ថែមទៀត។
ជាមួយគ្នានេះ លោកក៏បានយកឱកាសនេះបញ្ជាក់ជូនអំពីប្រទេសកម្ពុជា គឺជាគោលដៅទេសចរណ៍អន្តរជាតិប្រកបដោយសុវត្ថិភាព មិត្តភាព ផ្តល់ភាពកក់ក្តៅ និងទាក់ទាញ។ ក្នុងន័យនេះ កម្ពុជានៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ឥតប្រែប្រួល គឺថែរក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយគ្រប់ប្រទេសជាមិត្ត ទោះក្នុងកាលៈទេសៈណាក៏ដោយ ដើម្បីធានាដល់ការអភិវឌ្ឍលើគ្រប់វិស័យ ទាំងសេដ្ឋកិច្ច និងសង្គម ជាពិសេសគឺសុខសុវត្ថិភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋកម្ពុជា បូករួមទាំងមិត្តវៀតណាម ភ្ញៀវទេសចរវៀតណាម និងភ្ញៀវទេសចរអន្តរជាតិទាំងអស់នៅកម្ពុជា។

ជាការឆ្លើយតប លោក Pham Hoang Hung តំណាងក្រុមហ៊ុន Vietravel បានឯកភាពសហការរៀបចំដំណើរទស្សនកិច្ចស្វែងយល់សក្តានុពលទេសចរណ៍ (Famtrip) នាពេលខាងមុខ ដើម្បីវិស័យឯកជនកម្ពុជា និងក្រុមហ៊ុន បានជួបពិភាក្សាឈានដល់ការសម្រេចរៀបចំកញ្ចប់ទស្សនកិច្ចរួមគ្នា។
សូមជម្រាបថា ចំនួនទេសចរវៀតណាមមកកម្ពុជា បានកើនឡើងជិត ៣២% ឈរនៅលំដាប់ទី២។ មកដល់ពេលនេះ មានជើងហោះហើរត្រង់សរុប ១០០ជើង ក្នុងមួយសប្តាហ៍ ប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍វៀតណាមចំនួន ២ និងកម្ពុជាចំនួន២៕



