ក្រសួងសាធារណការ និងដឹកជញ្ជូន និងភាគីពាក់ព័ន្ធ បានបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើគម្រោងសិក្សា និងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពីកោះនរា រាជធានីភ្នំពេញ ទៅក្រុងរណបមេគង្គឃី (Koh Norea – Mekong Quay) នៃក្រុងអរិយក្សត្រ ខេត្តកណ្តាល។

កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើគម្រោងសិក្សា និងសាងសង់ស្ពាននេះ បានធ្វើឡើងនាព្រឹកថ្ងៃពុធ ទី២៨ ខែមករា ឆ្នាំ២០២៦ ក្រោមវត្តមាន ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននិងមានការការចូលរួមពី ថ្នាក់ដឹកនាំក្រសួង តំណាងរដ្ឋបាលរាជធានីភ្នំពេញ តំណាងរដ្ឋបាលខេត្តកណ្តាល តំណាងក្រុមហ៊ុន OCIC តំណាងក្រុមហ៊ុនធីភីម៉ូរ៉ាល់គ្រុប និងភាគីពាក់ព័ន្ធជាច្រើនទៀត។

សូមជម្រាបជូនដែរថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពីកោះនរា ទៅក្រុងរណបមេគង្គឃី នៃក្រុងអរិយក្សត្រ ត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងណែនាំឱ្យមានការគិតគួរពិចារ ក្នុងការសាងសង់ស្ពាននេះ នាឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ទីក្រុងរណបមេគង្គឃី ក្នុងភូមិសាស្ត្រក្រុងអរិយក្សត្រ ខេត្តកណ្តាល កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤។
គោលបំណងនៃគម្រោងសាងសង់ស្ពាននេះ ត្រូវបានសម្តេចធិបតីបញ្ជាក់ថា គឺដើម្បីរៀបចំទីក្រុងទំនើប សំដៅតភ្ជាប់សសៃឈាមធ្វើដំណើរឱ្យបានច្រើន រួមមាន៖តភ្ជាប់ផ្លូវ ស្ពានលើទឹក និងក្រោមទឹក សំដៅឈានទៅជួយសម្រួលដល់ការធ្វើចរាចរណ៍ និងសេដ្ឋកិច្ចជាដើម៕ អត្ថបទ៖ហ្សាលីន



