សហស្ថាបនិកក្រុមហ៊ុន Facebook លោក Eduardo Saverin និងសហស្ថាបនិកបីនាក់ទៀតរបស់ Sea Limited ដែលជាក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតធំជាងគេនៅអាស៊ីអាគ្នេយ៍ និងជាក្រុមហ៊ុនមេរបស់ Shopee បានខាតបង់ទ្រព្យសម្បត្តិរួមគ្នាសរុបអស់ជិត ១៦ពាន់លានដុល្លារ ក្នុងរយៈពេលមួយឆ្នាំកន្លងមក។

យោងតាមការចុះផ្សាយពី Forbes បានបង្ហាញថា ក្នុងចំណោមនោះ លោក Saverin នៅតែជាអ្នកមានបំផុតនៅសិង្ហបុរីសម្រាប់ឆ្នាំទីបួនជាប់ៗគ្នា ប៉ុន្តែទ្រព្យសម្បត្តិរបស់លោក បានធ្លាក់ចុះអស់ ១០,១ពាន់លានដុល្លារ មកនៅត្រឹម ៣២,៩ពាន់លានដុល្លារ។
ទន្ទឹមនឹងនេះ សហស្ថាបនិកទាំងបីរបស់ Sea Limited គឺលោក Forrest Li, Gang Ye និង David Chen បានខាតបង់រួមគ្នាសរុបចំនួន ៥,៨៥ពាន់លានដុល្លារ ដែលនាំឲ្យទ្រព្យសម្បត្តិរបស់មហាសេដ្ឋីបច្ចេកវិទ្យាកំពូលៗទាំងបួនរបស់សិង្ហបុរី ធ្លាក់ចុះអស់ ១៥,៩៥ពាន់លានដុល្លារ។
ទ្រព្យសម្បត្តិរបស់លោក Li ដែលជាប្រធាន និងជានាយកប្រតិបត្តិ Sea បានធ្លាក់ចុះមកត្រឹម ៧,៧ពាន់លានដុល្លារ ពីចំនួន ១១,២ពាន់លានដុល្លារ ដែលធ្វើឲ្យរូបលោកធ្លាក់ពីចំណាត់ថ្នាក់ទីប្រាំមួយ មកដល់ទីដប់ នៅក្នុងបញ្ជីអ្នកមានបំផុតនៅសិង្ហបុរី។
ដោយឡែក លោក Ye ប្រធានផ្នែកប្រតិបត្តិការ បានធ្លាក់មកនៅលេខរៀងទី១៤ ដោយសារទ្រព្យសម្បត្តិរបស់លោក បានធ្លាក់ចុះមកត្រឹម ៤,៣ពាន់លានដុល្លារ ចំនួន ៦ពាន់លានដុល្លារ។ ខណៈពេលដែលលោក Chen ប្រធានផ្នែកផលិតផលនៃក្រុមហ៊ុន Shopee ដែលជាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិករបស់ Sea បានធ្លាក់ចុះពីលេខរៀងទី២៨ មកទី៤៤ ដោយសារទ្រព្យសម្បត្តិរបស់លោក ធ្លាក់មកនៅត្រឹម ១,៣៥ពាន់លានដុល្លារ ពីចំនួន ២ពាន់លានដុល្លារ៕

