សមាគមកូរ៉េ IIDA ប្តេជ្ញាជួយផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនកូរ៉េមកកាន់កម្ពុជាឱ្យបានច្រើន

សង្គម​ និង​សេដ្ឋកិច្ច

សមាគមកូរ៉េ International Interchange Development Association (IIDA) បានប្តេជ្ញាជួយផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនកូរ៉េមកកាន់កម្ពុជាឱ្យបានច្រើន។ ការប្តេជ្ញារបស់សមាគម ក្នុងឱកាស លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូនលោក Mun Yong-Jo ប្រធានសមាគម IIDA នៃសាធារណរដ្ឋកូរ៉េ និងសហការីជានាយកប្រតិបត្តិក្រុមហ៊ុនធំៗ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃទី៨ ខែកញ្ញា​ ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ហួត ហាក់ បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះលោក Mun Yong-Jo និងសហការី ចំពោះគំនិតផ្តួចផ្តើមពង្រឹងពង្រីកកិច្ចសហប្រតិបត្តិក្នុងវិស័យទេសចរណ៍រវាងក្រសួងទេសចរណ៍ និងសមាគមកូរ៉េ ជំរុញការផ្លាស់ប្តូរប្រជាជន និងប្រជាជន កំណើនភ្ញៀវទេសចរកូរ៉េមកទស្សនាកម្ពុជាឱ្យបានច្រើនជាងបន្ថែមទៀត ជាពិសេសគឺការបណ្តាក់ទុនវិនិយោគរបស់វិនិយោគិនកូរ៉េនៅកម្ពុជា។​

លោកបានគូសបញ្ជាក់អំពីស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គម និងការអភិវឌ្ឍវិស័យទេសចរណ៍របស់កម្ពុជា ដោយបញ្ជាក់ថា កម្ពុជានៅតែជាគោលដៅទេសចរណ៍ប្រកបដោយសុខសុវត្ថិភាព និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ។ ជាពិសេស កម្ពុជា ក៏បានដាក់ចេញនូវយុទ្ធនាការ «ទស្សនាកម្ពុជា នារដូវកាលបៃតង» ដោយសហការជាមួយក្រុមហ៊ុនអាកាសចរណ៍ ក្រុមហ៊ុនទេសចរណ៍ អ្នកផលិតមាតិកា និងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ដើម្បីធ្វើពិពិធកម្មទីផ្សារ និងអភិវឌ្ឍផលិតផលទេសចរណ៍ឱ្យកាន់តែសម្បូរបែប បៃតង និងប្រកដោយភាពវៃឆ្លាត។

លោកក៏បានសង្កត់ធ្ងន់ថាវិស័យទេសចរណ៍ ត្រូវបានចាត់ជាវិស័យអាទិភាព និងជាជន្ទល់សេដ្ឋកិច្ច ដោយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយជវភាព និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។​

ក្នុងជំនួបនោះដែរលោកប្រធាន Mun Yong-Jo ក៏បានធ្វើការប្តេជ្ញាចិត្តចូលរួមផ្សព្វផ្សាយពីស្ថានភាពនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម កត្តាសុខសុវត្ថិភាព សន្តិសុខល្អប្រសើរដែលបានឃើញផ្ទាល់នាពេលនេះ ជាពិសេសអំពីលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលនៃយុទ្ធនាការបង្រ្កាបបទល្មើសអនឡាញ តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចធិបតី។ លោកក៏ប្តេជ្ញាត្រៀមអនុវត្តសកម្មភាពនានា ដើម្បីជំរុញការផ្លាស់ប្តូរប្រជាជន និងប្រជាជន កំណើនការធ្វើដំណើរ និងទេសចរណ៍រវាងប្រទេសទាំងពីរកម្ពុជា និងកូរ៉េ។

គួរបញ្ជាក់ផងដែរថាសមាគម International Interchange Development Association (IIDA) គឺជាសមាគមអន្តរជាតិនៃសាធារណរដ្ឋកូរ៉េ ដែលមានបេសកកម្មជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ការផ្លាស់ប្តូរវប្បធម៌ ការអប់រំ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការរៀបចំព្រឹត្តិការណ៍អន្តរជាតិ ជាមួយបណ្តាប្រទេសជុំវិញពិភពលោក ហើយជាដៃគូសហប្រតិបត្តិដ៏មានសក្តានុពលសម្រាប់ការផ្សព្វផ្សាយទេសចរណ៍កម្ពុជា ការភ្ជាប់បណ្តាញធុរកិច្ច និងការវិនិយោគនៅសាធារណរដ្ឋកូរ៉េ។