លោក ថោង ខុន៖ អ្នកទេសចរចិន បាននាំមកនូវចំណូលសេដ្ឋកិច្ចជាច្រើនដល់កម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើង កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣នេះថា ទេសចរចិនបាននាំមកនូវចំណូលសេដ្ឋកិច្ចបានច្រើនដល់កម្ពុជា ក៏ដូចជាពិភពលោកផងដែរ ដោយ ទេសចរចិនបានចូលរួមចំណែកទីផ្សាកម្ពុជាជាង៣០ភាគរយ ចាប់តាំងពីឆ្នាំ២០១៦-២០១៧ ចិននៅចំណាត់ថ្នាក់ទី៣ បន្ទាប់ចិនក្លាយជាលំដាប់ថ្នាក់ទី១ក្នុងឆ្នាំ ២០១៨-២០១៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈការលើកឡើងខាងលើ ឯកឧត្តម ថា លំហូរទេសចរចិនក្នុងឆ្នាំ២០២៣នេះ នឹងរំពឹងថាទទួលបានច្រើន ព្រោះយើងដឹងថា ទេសចរចិនជាប្រទេសដែលមានប្រជាជនច្រើន ចិនដើរចេញ ខាងក្រៅនៅឆ្នាំ២០១៩ ប្រមាណ ១៥៥លាននាក់ ស្មើនឹងជាង១០ភាគរយនៃទេសចរសរុបលើសាកលលោក។ ជាក់ស្តែង មុនរាតត្បាតកូវីដ កម្ពុជាទទួលបានទេសចរចិនប្រមាណ ៦លាន ៦សែននាក់ នាំមកនូវចំណូលជាតិប្រមាណ ៥ពាន់លានដុល្លារអាមេរិក។

លោកបន្តថា វិស័យទេសចរជាវិស័យដែលបង្កើតការងារបានច្រើនមុខ ជាពិសេសជាការដេញដោល ខ្លាំងទៅលើវិស័យមួយចំនួនដូចជា វិស័យកសិកម្ម វិស័យសិប្បកម្មជាដើម ក្នុងការផលិតស្បៀង ម្ហូបអាហារ ផលិតផល ដើម្បីជាការចូលរួមបម្រើវិស័យទេចរណ៍តាមរយៈការនាំចេញនឹងកន្លែងដោយមិនបាច់នាំចេញទៅលក់នៅក្រៅប្រទេសឡើយ។ ទាំងនេះហើយដែលជាការដេញដោលនូវសេដ្ឋកិច្ចកម្ពុជា ពិសេសបង្កើតការងារយ៉ាងច្រើនដល់ប្រជាជន ជាកត្តានាំឱ្យមានកំណើនសេដ្ឋកិច្ចជាតិ។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៣នេះ កម្ពុជាក៏បានធ្វើការងារយ៉ាងសកម្ម ដើម្បីទទួលភ្ញៀវទេសចរ ដោយមានកម្មវិធីជាច្រើនរួមមាន ការពង្រឹងលើសេវាកម្មផ្សេងៗដូចជា៖ សេវាកម្មសណ្ឋាគារស្នាក់នៅ, សេវាម្ហូបអាហារ, សេវាការីទេសចរ,សេវាដឹកជញ្ជូនទេសចរ,រមណនីយដ្ឋានទេសចរ,សេវាកម្សាន្តទេសចរ,ផ្សារទំនើប ហាងលក់វត្ថុអនុស្សាវរីយ៍ ជាដើម ដើម្បីឆ្លើយតបនឹងតម្រូវការនៃទីផ្សារចិន៕