ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យសោមនស្សរីករាយ ព្រះរាជទានព្រះរាជដំណាក់ចំនួន ២ ប្រទានជូនសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីចាត់ចែង រៀបចំធ្វើសារមន្ទីរជាតិ និងទុកជាសម្បត្តិបេតិកភណ្ឌជាតិ។

យោងតាមលិខិតចុះថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យសោមនស្សរីករាយ ព្រះរាជទានជូនរាជរដ្ឋាភិបាលកម្ពុជា នូវព្រះរាជដំណាក់ចំនួនពីរគឺ៖
១- ព្រះរាជដំណាក់ទក្សិណ លេខក្បាលដី ២៤៥ ទំហំ ២៨៤៣ម៉ែត្រការ៉េ ដែលមានវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុលេខ ១២០២០៧០៣-០២៤៥ ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជូនទៅរាជរដ្ឋាភិបាលកម្ពុជា ដែលមានសិទ្ធិក្នុងការ ជួសជុលកែលម្អ ថែរក្សា ដើម្បីរៀបចំចាត់ចែងធ្វើជាសារមនី្ទរជាតិ និងដើម្បីទុកជាសម្បត្តិបេតិកភណ្ឌជាតិ ជាកេរដំណែលដ៏ឧត្តុង្គឧត្តមពី ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ”ព្រះបរមរតនកោដ្ឋ” ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។
តាមការបញ្ជាក់របស់ព្រះបរមរាជវាំង ព្រះរាជដំណាក់ទក្សិណនេះ ជាទីកន្លែងដែល ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រសូត ។
២- ក្រោយពេលដែលអស់ពីខ្ញុំទៅ ព្រះរាជដំណាក់ព្កុល លេខក្បាលដី ១៥១ ទំហំ ៣៥៣៩ម៉ែត្រការ៉េ ដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ១២០២០៧០៣-០១៥១ ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូន់ពេញ រាជធានីភ្នំពេញ សូមជូនរាជរដ្ឋាភិបាលកម្ពុជា ថែរក្សាធ្វើជាសារមនី្ទរជាតិ និងដើម្បីទុកជាសម្បត្តិបេតិកភណ្ឌជាតិ ជាកេរដំណែលដ៏ឧត្តុង្គឧត្តម អំពីខ្ញុំ ។
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ ក៏បានប្រសិទ្ធពរជ័យ ជូន សម្តេចអគ្គមហាសេនាបតីតេជោ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃកម្ពុជា ទទួលបានមហាជោគជ័យថ្មីៗបន្ថែមទៀតដើម្បីជាឧត្តមប្រយោជន៍ជូនជាតិ និងប្រជារាស្ត្រកម្ពុជា និងសូមបានប្រកបតែនឹងព្រះពុទ្ធពរគ្រប់ប្រការ កុំបីឃ្លៀងឃ្លាតឡើយ ៕


