ខេត្តព្រះសីហនុ ត្រៀម​ទទួល​ប្រតិភូ​អន្តរជាតិ​​ជាង ១០០ នាក់ ចូលរួមវេទិកាទេសចរណ៍អាស៊ាន

សង្គម​និង​សេដ្ឋកិច្ច

អាជ្ញាធរ​ខេត្តព្រះសីហនុ បាន​ត្រៀមទីតាំង​សម្រាប់រៀបចំ​វេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF 2022) ដែល​នឹង​ប្រពឹត្តិទៅ​ចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ នៅ​ខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វេទិកា​នេះ នឹង​មាន​ការ​ចូលរួមដោយផ្ទាល់ពីរដ្ឋមន្រ្តីទេសចរណ៍ឣាស៊ានទាំងអស់ និងមន្រ្តីជាន់ខ្ពស់ពីប្រទេសសមាជិកអាស៊ានទាំង១០ ក្នុងនោះប្រតិភូអន្តរជាតិចូលរួមកិច្ចប្រជុំមានចំនួន១១៤រូប។

កម្មវិធី​នោះ​មាន​ការតាំងពិព័រណ៌ទេសចរណ៍ (TRAVEX) មានអ្នកលក់ (Sellers) សរុបចំនួន១៨៧ស្តង់ អ្នកទិញ (Buyers) ចំនួន​១០៧​ក្រុមហ៊ុន មកពី ៣៥ ប្រទេស ក្នុងនោះឣ្នកទិញអន្តរជាតិ (International Buyers) ចំនួន១០០ក្រុមហ៊ុន និងក្នុងស្រុក (Local Buyers) ចំនួន៧ក្រុមហ៊ុន។

បើ​តាម​រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍ ឯកឧត្តមថោង ខុន បានលើកឡើងថា ដោយមានការគាំទ្រយ៉ាងមុតមាំពីប្រទេសសមាជិកអាស៊ានទាំងអស់ អាស៊ានបូក និងផ្នែកឯកជន ដែលទទួលបានការចុះឈ្មោះ និងការបញ្ជាក់ពីការចូលរួមលើសពីការរំពឹងទុកក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩ ដែលបន្តមាននៅឡើយ។

ឯកឧត្តម ថោង ខុន បានណែនាំ និងផ្តល់អនុសាសន៍ដល់ក្រុមការងារជំនាញពាក់ព័ន្ធត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធនៃខេត្តព្រះសីហនុ ដើម្បីធានាឲ្យបាននូវការរៀបចំកិច្ចប្រជុំ និងសកម្មភាពនានានៃព្រឹត្តការណ៍អន្តរជាតិនេះប្រកបដោយសុវត្ថិភាពស្របតាមនីតិវិធីស្តង់ដា (SOP) របស់ក្រសួងសុខាភិបាល និងនីតិវិធីស្តង់ដាតាមគោលដៅទេសចរណ៍ (SOP) របស់រដ្ឋបាលខេត្តព្រះសីហនុ។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ឣំឡុងពេលនៃវេទិកាទេសចរណ៍អាស៊ាននេះ ក្រៅពីកិច្ចប្រជុំរបស់ស្ថាប័នទេសចរណ៍ថ្នាក់ជាតិ (National Tourism Oganizationa) កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន (ASEAN Tourism Ministers Meetings) កិច្ចប្រជុំអាស៊ានបូកបី (ជប៉ុន កូរ៉េខាងត្បូង និងចិន) កិច្ចប្រជុំអាស៊ានបូកមួយ (អាស៊ាន-ឥណ្ឌា) កិច្ចប្រជុំអាស៊ាន-រុស្ស៉ី កិច្ចប្រជុំជាមួយអង្គការដៃគូរពាក់ព័ន្ធ ព្រមទាំងកិច្ចប្រជុំជាមួយផ្នែកឯកជន (ASEANTA Meetings) និងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ (TRAVEX) ក៏នឹងមានកម្មវិធីដាំដើមឈើនៃការចងចាំ ការចូលចតនៃនាវាទេសចរណ៍ MS Westerdam កម្មវិធីវាយកូនគោលរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន (ASEAN Ministers’ Golf Tournament) និងដំណើរទស្សនកិច្ចទៅកាន់កោះនានាផងដែរ (Island Tour) ដែលជាការបោះជំហានដ៏ធំបង្ហាញពីការត្រៀមរួចរាល់របស់កម្ពុជា និងអាស៊ានទាំងមូលក្នុងការបើកទេសចរណ៍អន្តរជាតិឡើងវិញ។

គួរ​បញ្ជាក់ថា វេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ ដែល​រៀបចំ​ឡើង​នៅ​ខេត្ត​ព្រះសីហនុ រដ្ឋមន្ត្រីទេសចរណ៍អាស៊ាននឹងយកឱកាសនេះប្រកាសបើកទេសចរណ៍ក្នុងតំបន់របស់ខ្លួនឡើងវិញចេញពីប្រទេសកម្ពុជាតែម្ដង៕