នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងស្ថាប័នពាក់ព័ន បានប្រកាសអបអរសាទរខេត្តព្រៃវែង ជាខេត្តទី៣ ទទួលបានជ័យលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) ក្រោមអធបតីភាព លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។

នាឱកាសនោះ លោក សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានធ្វើរបាយការណ៍ស្វាគមន៍ ដោយបានរំលេចជូនអំពីស្ថានភាពភូមិសាស្ដ្រទូទៅ ការងារសន្ដិសុខនិងសណ្ដាប់ធ្នាប់សាធារណៈ និងស្ថានភាពសេវាសាធារណៈទូទៅ ជាពិសេសការកើនឡើងនៃការទទួលបានសេវាទឹកស្អាត និងអនាម័យជនបទរបស់ប្រជាពលរដ្ឋនៅទូទាំងខេត្តព្រៃវែង រហូតទទួលបានជ័យលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់។
ជាមួយគ្នានេះ លោក ឆាយ ឫទ្ធិសែន បានអបអរសាទរចំពោះការទទួលបានសមិទ្ធផលនានាដែលខេត្តព្រៃវែងសម្រេចបានលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាពិសេសការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការលើកកម្ពស់ការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ ការផ្លាស់ប្តូរទម្លាប់មកទទួលទានទឹកស្អាតដើម្បីសុខភាព ការប្រើប្រាស់បង្គន់អនាម័យបានត្រឹមត្រូវ និងរបៀបរស់នៅប្រកបដោយភាពស៊ីវិល័យ ដែលធ្វើឱ្យខេត្តព្រៃវែងទទួលបានជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់(ODF+)។

សូមជម្រាបដែរថា បច្ចុប្បន្នអត្រាគ្របដណ្តប់នៃសេវាផ្គត់ផ្គង់ទឹកស្អាតកម្រិតមូលដ្ឋានបានកើនដល់ ៨៩% ខណៈសេវាផ្គត់ផ្គង់ទឹកដែលគ្រប់គ្រងប្រកបដោយសុវត្ថិភាពកើនបាន ២៥% និងអត្រាគ្របដណ្តប់អនាម័យជនបទកម្រិតមូលដ្ឋានកើនដល់ ៩៥% ខណៈអត្រាគ្របដណ្តប់អនាម័យដែលគ្រប់គ្រងប្រកបដោយសុវត្ថិភាពកើនដល់៥១%។ លើសពីនេះ រាជធានី-ខេត្តទាំង២៥ នៅទូទាំងប្រទេសសម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ខណៈរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រៃវែងសម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់(ODF+)ដែលជាសមិទ្ធផលថ្មីជាប្រវត្តិសាស្រ្តបន្ថែមទៀតរបស់រាជរដ្ឋាភិបាល៕អត្ថបទ៖ហ្សាលីន



