ទូតឡាវ ប្តេជ្ញាបន្តពង្រឹង “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង” ជាមួយកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ឯកអគ្គរដ្ឋទូតឡាវថ្មី ប្រចាំកម្ពុជា បានប្តេជ្ញាបន្តពង្រឹង “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង” ជាមួយកម្ពុជា សំដៅឈានទៅពង្រឹងនិងពង្រីកទំនាក់ទំនងជាមួយកម្ពុជាថែមទៀត។ ការប្តេជ្ញានេះ បានធ្វើឡើងក្នុងជំនួបពិភាក្សារវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយ លោក សនសៃ វ៉ាន់ណាសៃ (Sonexay Vannaxay) ឯកអគ្គរដ្ឋទូតឡាវប្រចាំកម្ពុជាកាលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនោះ ឯកអគ្គរដ្ឋទូតឡាវ បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួតលើគ្រប់វិស័យ រវាងឡាវ និងកម្ពុជា ព្រមទាំងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបន្តពង្រឹង “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង” ដើម្បីផលប្រយោជន៍រួមនៃប្រទេសទាំងពីរ។ ឆ្លៀតក្នុងឱកាសនេះ, លោក បានថ្លែងអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្ដល់នូវការគាំទ្រ និងជួយដល់ប្រទេសឡាវ កន្លងមក ជាពិសេសក្នុងពេលដែលឡាវធ្វើជាប្រធានអាស៊ានប្ដូរវេន ឆ្នាំ២០២៤ ក៏ដូចជា ក្នុងគ្រាដែលប្រទេសឡាវស្ថិតក្នុងគ្រាលំបាកនៃការផ្ទុះរាតត្បាតនៃជំងឺកូវីដ-១៩។

លោកបានប្តេជ្ញាខិតខំជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំថែមទៀត លើគ្រប់វិស័យ ព្រមទាំងជំរុញការអនុវត្តកិច្ចព្រមព្រៀងទ្វេភាគីនានា ដើម្បីជាផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

ជាការឆ្លើយតប, សម្ដេចធិបតីសម្ដែងនូវការពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនងនៃប្រទេសទាំងពីរ ព្រមទាំងបានគូសបញ្ជាក់ផងដែរថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសឡាវលើគ្រប់វិស័យ។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានលើកទឹកចិត្ត ឯកអគ្គរដ្ឋទូតឡាវ ឱ្យធ្វើការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ រួមមាន ពាណិជ្ជកម្ម សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន កសិកម្ម ថាមពលអគ្គីសនី ការពារជាតិ និងសន្តិសុខជាដើម៕ អត្ថបទ៖ហ្សាលីន