កម្ពុជា-ចិន បើកសិក្ខាសាលារួមគ្នាជំរុញវិស័យកម្មន្តសាលឆ្លាតវៃ សេដ្ឋកិច្ចឌីជីថល និងរដ្ឋាភិបា​លឌីជី​​ថល​​​​​

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងទីប្រឹក្សានៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន​ ប្រចាំកម្ពុជា ព្រមទាំងភាគីពាក់ព័ន្ធ បានបើកសិក្ខាសាលា ដើម្បីរួមគ្នាវិស័យកម្មន្តសាលឆ្លាតវៃ សេដ្ឋកិច្ចឌីជីថល និងរដ្ឋាភិបាលឌីជីថលនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សិក្ខាសាលារវាងកម្ពុជា និងចិន នាពេលនេះ បានធ្វើឡើងកាលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមវត្តមាន លោក គង់ វិមាន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងលោកស្រី Guan Wei ទីប្រឹក្សានៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន​ ប្រចាំកម្ពុជា ថ្នាក់ដឹកនាំនិងមន្រ្តីតំណាងស្ថានទូត សាស្ត្រាចារ្យមហាវិទ្យាល័យវិជ្ជាជីវៈធុរកិច្ចអន្តរជាតិហ៊ូណាន និងមហាវិទ្យាល័យវិជ្ជាជីវៈការងា​រនិ​ង​ធនធា​ន​មនុស្សហ៊ូណាន ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីមកពីក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន ៩។

ក្នុង​​ឱកា​​សនេះ​ លោកអគ្គ​​​​លេខាធិការ បាន​​​គូសបញ្ជាក់​ពីចំណងមិត្តភាពដែកថែបដ៏រឹងមាំរវាងចិននិងកម្ពុជា ដែលត្រូវបានកសាង ជំរុញ និងថែរក្សាយ៉ាងយកចិត្តទុកដាក់ដោយរដ្ឋាភិបាលនិងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។ លោកក៏បានលើកឡើងអំពីសារៈសំខាន់នៃ​​ការអភិវឌ្ឍ​​ធនធានមនុ​ស្ស ការពង្រឹង​​សមត្ថភាព​​​ស្ថាប័ន និងការធ្វើបរិវត្ត​កម្មឌីជីថល ដើម្បីគាំទ្រដល់​ការអនុវត្តគោ​លនយោបាយ និងទិសដៅ​អភិវឌ្ឍន៍​របស់រាជរដ្ឋាភិបា​​ល។

ជាមួយគ្នានេះ លោកអគ្គលេខាធិការ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន និងភាគីពាក់ព័ន្ធទាំងអស់ដែលបានសហការរៀបចំសិក្ខាសាលានេះ និងសង្ឃឹមថាសិក្ខាកាមនឹងទទួលបានចំណេះដឹង និងបទពិសោធថ្មីៗ ដើម្បីយកទៅអនុវត្តក្នុងការងារឱ្យកាន់តែមានប្រសិទ្ធភាព។

សូមជម្រាបដែរថា សិក្ខាសាលានេះ រៀបចំឡើង ក្នុងគោលបំណងចែករំលែកបទពិសោធរបស់ចិន​លើការធ្វើបរិវត្តកម្មឌី​ជីថល ដោយផ្តោ​​​តលើកម្មន្តសាល​ឆ្លាតវៃ សេ​​ដ្ឋកិច្ចឌីជីថល និងរដ្ឋាភិបាល​​ឌី​ជីថ​​ល។​ សិក្ខាសាលានេះ​នឹងប្រព្រឹត្តទៅរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី៩-២២ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការធ្វើបទបង្ហាញពីសាស្ត្រាចារ្យនៃ​មហាវិទ្យា​ល័យ​វិជ្ជាជីវៈ​ធុរកិច្ច​​អន្តរជាតិហ៊ូណាន និងមហាវិទ្យាល័យវិជ្ជាជីវៈការងា​រនិ​ង​ធនធា​ន​មនុស្សហ៊ូណាន៕អត្ថបទ៖ហ្សាលីន