ចំណូលពន្ធគយ ពីវិស័យយានយន្ត រួមចំណែកបានដល់ទៅ ៤៥% ក្នុងឆមាសទី១ ឆ្នាំ២០២២

សង្គម​និង​សេដ្ឋកិច្ច

ចំណូលពន្ធគយ បានមកពីវិស័យយានយន្ត បានចូលរួមចំណែកប្រមាណ​ដល់​ទៅ​ ៤៥% នៃ​ចំណូល​របស់​អគ្គនាយកដ្ឋានគយ និងរដ្ឋាករ​​ គិត​ត្រឹម​ក្នុងឆមាសទី១ ឆ្នាំ២០២២​ នេះ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​ពី​ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រី​ប្រតិភូ​អមនាយករដ្ឋមន្ត្រី និង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និងរដ្ឋាករ​កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមរបាយការណ៍ អំពីលទ្ធផលការងាររបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ប្រចាំឆមាសទី១ ឆ្នាំ២០២២ ប្រមូលចំណូលបាន ៥ ២៥៩,៥ ប៊ីលានរៀល (ស្មើនឹងប្រមាណ ១ ២៩៥,៤ លានដុល្លារ​អាមេរិក) កើនឡើងប្រមាណ ១២% ធៀបនឹងចំណូលប្រមូលបានក្នុងឆមាសទី១ ឆ្នាំ២០២១។ លទ្ធផល​នេះ គឺសម្រេចបាន ៥០,២% នៃផែនការដែលកំណត់ដោយ​ច្បាប់ស្ដីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង​ឆ្នាំ២០២២។

ចំពោះចំណូលតាមក្រុមទំនិញ ឯកឧត្តម គុណ ញឹម ​​បាន​បញ្ជាក់​ថា​ ចំណូល​ពី​វិស័យ​យានយន្ត និងគ្រឿង​ចក្រ​​មានចំនួន ២ ៣៧១,៥ ប៊ីលានរៀល (ត្រូវជា ៤៥,១% នៃចំណូលសរុប), ទំនិញចម្រុះមានចំនួន ១ ៤៥៦,១ ប៊ីលានរៀល (ត្រូវជា ២៧,៧% នៃចំណូលសរុប), ផលិតផលតេលសិលាមានចំនួន ១ ១១០,៣ ប៊ីលានរៀល (ត្រូវជា ២១,១% នៃចំណូលសរុប), និងសម្ភារសំណង់និងកម្រៃផ្សេងៗមានចំនួន ៣២១,៦ ប៊ីលានរៀល (ត្រូវជា ៦,១% នៃចំណូលសរុប)៕