គ្រឿងអលង្ការមាសនៅក្នុងប្រទេសចិន កំពុងធ្លាក់ចុះប្រជាប្រិយភាពយ៉ាងខ្លាំង

អន្តរជាតិ

ហាងលក់រាយគ្រឿងអលង្ការកាន់តែច្រើនឡើងៗនៅទូទាំងប្រទេសចិន ត្រូវបានបង្ខំចិត្តបិទទ្វារ ដោយសារតម្រូវការធ្លាក់ចុះ និងតម្លៃមាសដែលនៅតែបន្តកើនឡើងខ្ពស់ ធ្វើឱ្យអ្នកប្រើប្រាស់បង្វែរអារម្មណ៍ទៅទិញមាសដុំទុកជំនួសវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន SCMP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ហាងគ្រឿងអលង្ការមាសភាគច្រើនដែលធ្លាប់តែស្ថិតនៅលើផ្លូវពាណិជ្ជកម្មដ៏សំខាន់ក្នុងស្រុក Biyang ខេត្ត Henan ឥឡូវនេះបានបិទទ្វារអស់ហើយ។

យ៉ាងណាមិញ លោក Yu Qian គ្រូបង្រៀនថ្នាក់មត្តេយ្យ ដែលធ្លាប់តែទិញគ្រឿងអលង្ការធ្វើពីមាសជាញឹកញាប់ បាននិយាយថា ៖”គ្រឿងអលង្ការមាសធ្លាប់តែមានការពេញនិយមខ្លាំងនៅក្នុងស្រុកតូចមួយនេះ។ ពីមុនធ្លាប់តែមានហាងមាសជាង ២០ ប្រតិបត្តិការនៅទីនេះ ប៉ុន្តែឥឡូវបានបិទចោលស្ទើអស់ទៅហើយ”។

ជុំវិញការបិទទ្វារនៃហាងលក់គ្រឿងអលង្ការជាបន្តបន្ទាប់នេះ កំពុងកើតឡើងនៅទូទាំងប្រទេសចិន ដោយសារតម្រូវការចុះខ្សោយ។ Chow Tai Seng ដែលជាម៉ាកយីហោគ្រឿងអលង្ការ និងជាអ្នកលក់រាយមាស ប្រាក់ និងត្បូងដ៏ធំបំផុតមួយនៅក្នុងប្រទេសចិន បានកាត់បន្ថយហាងរបស់ខ្លួនចំនួន ៤៧៣ កន្លែងនៅទូទាំងប្រទេស។ ទន្ទឹមនឹងនេះម៉ាកយីហោ Lao Feng Xiang ក៏បានបិទទីតាំងលក់ចំនួន ៣៤២ កន្លែង នៅទីក្រុងធំៗមួយចំនួននៅក្នុងប្រទេសផងដែរ។

ទីផ្សារមាសរបស់ចិនកំពុងមានការបែកចែកយ៉ាងច្បាស់រវាងមាសគ្រឿងអលង្ការ និងមាសវិនិយោគ។ ទិន្នន័យពីសមាគមមាសចិន បានបង្ហាញថា តម្រូវការគ្រឿងអលង្ការបានធ្លាក់ចុះយ៉ាងខ្លាំងប្រមាណ ៣៣,៨៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន មកត្រឹម ១៣២,១ តោន ក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំនេះ ខណៈដែលតម្រូវការមាសដុំ និងកាក់មាសសម្រាប់រក្សាទ្រព្យសកម្ម បានកើនឡើង ២៨,៤២% ដល់ ៣៣៩,៣ តោន។ ការប្រើប្រាស់មាសសរុបបានកើនឡើង ១,២៣%។

គួរជម្រាបជូនថា មូលហេតុនៃនិន្នាការនេះគឺដោយសារតម្លៃមាសថ្លៃពេក ធ្វើឱ្យថ្លៃកែច្នៃ ថ្លៃឈ្នួល និងកម្រៃសេវាម៉ាកយីហោ បានក្លាយជាការចំណាយថ្លៃហួសហេតុសម្រាប់អ្នកទិញ។ បញ្ហានេះ ធ្វើឲ្យប្រជាជនលែងចង់ចំណាយលើសោភ័ណភាព ឬម៉ាកយីហោទៀតហើយ។ ពួកគេទិញមាសដើម្បីរក្សាជាទ្រព្យសកម្មវិញ ដូច្នេះហើយទើបពួកគេផ្តល់អាទិភាពលើមាសដុំ និងកាក់មាសច្រើនជាង។