កម្ពុជា-អូស្រ្តាលី រួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យអាទិភាពឱ្យកាន់តែទូលំទូលាយថែមទៀត

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា-អូស្រ្តាលី បានប្តេជ្ញា​សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយថែមទៀត ក្នុងវិស័យអាទិភាព ដើម្បីពង្រឹងការធ្វើសមាហរណកម្មរបស់កម្ពុជាទៅក្នុងខ្សែច្រវាក់តម្លៃក្នុងតំបន់ និងសកលលោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្តេជ្ញានេះ បានធ្វើឡើងនៅក្នុងកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីកម្ពុជា-អូស្ត្រាលី (Senior Officials’ Talks-SOTs) លើកទី៦ ដឹកនាំដោយ លោក អ៊ុង ឃាង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី Michelle Chan អនុរដ្ឋលេខាធិការនៃក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី (DFAT) នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីចុងសប្តាហ៍។

កិច្ចពិគ្រោះយោបល់នេះ ក៏មានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាចំនួន ៩ ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ព្រមទាំងមន្ត្រីនៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាផងដែរ។

នៅក្នុងជំនួបនោះ លោក ឡុង កែមវិចិត្រ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ ​បានជម្រាបជូនអំពីការកើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអូស្ត្រាលី ទិសដៅកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌទ្វេភាគី តំបន់ និងពហុភាគី ព្រមទាំងបានលើកជាសំណើមួយចំនួន សំដៅពង្រឹងការធ្វើសមាហរណកម្មរបស់កម្ពុជាទៅក្នុងខ្សែច្រវាក់តម្លៃក្នុងតំបន់ និងសកលលោក។

សូមជម្រាបដែរថា តាមរយៈកិច្ចពិភាក្សាខាងលើ ភាគីកម្ពុជា-អូស្រ្តាលី ទាំងពីរ បានសម្តែងនូវការពេញចិត្តចំពោះវឌ្ឍនភាពជាវិជ្ជមាននៃទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរ និងបានពិភាក្សាអំពីមធ្យោបាយនានា សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយថែមទៀត ក្នុងវិស័យអាទិភាព រួមមាន៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ការពារជាតិ និងសន្តិសុខ កសិកម្ម កសិ-ឧស្សាហកម្ម ថាមពលស្អាត អប់រំ និងការបោសសម្អាតមីនជាដើម៕អត្ថបទ៖ហ្សាលីន