ប្រទេសម៉ាឡេស៊ី គឺជាទីផ្សារដែលលក់ទូរស័ព្ទ iPhone Duo បត់អេក្រង់បានដំបូងគេរបស់ក្រុមហ៊ុន Apple ក្នុងតម្លៃថោកបំផុតទី៥ នៅលើពិភពលោក ដោយម៉ូដែល iPhone Duo ទំហំ ២៥៦ GB មានតម្លៃ ២ ៣៣៤ដុល្លារអាមេរិក។

យោងតាមគេហទំព័រប្រៀបធៀបតម្លៃរបស់ជប៉ុន Nukeni បានឲ្យដឹងថា សហរដ្ឋអាមេរិកជាទីផ្សារលក់ iPhone Duo មានតម្លៃទាបជាងគេគឺ ១ ៩៩៩ដុល្លារ បន្ទាប់មកគឺហុងកុង ២ ២៣១ដុល្លារ កាណាដា ២ ២៦៥ដុល្លារ អារ៉ាប់រួម (UAE) ២ ៣១៤ដុល្លារ និងម៉ាឡេស៊ី ២ ៣៣៤ដុល្លារ។
យ៉ាងណាមិញ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ តម្លៃលក់ iPhone Duo ទំហំ ២៥៦ GB អាចមានតម្លៃខ្ពស់ជាង នៅតាមបណ្តាលប្រទេសមួយចំនួន ដូចជានៅថៃ មានតម្លៃ ២ ៤០៦ដុល្លារ នៅសិង្ហបុរី មានតម្លៃ ២ ៤៣៩ដុល្លារ នៅវៀតណាម មានតម្លៃ ២ ៥០១ដុល្លារ និងហ្វីលីពីន មានតម្លៃ ២ ៥៤៣ដុល្លារ។
គួរជម្រាបជូនផងដែរថា ក្រុមហ៊ុន Apple បានប្រកាសដាក់ចេញទូរស័ព្ទបត់អេក្រង់ iPhone Duo អមជាមួយម៉ូដែល 18 Pro និង 18 Pro Max នៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី ៩ ខែកញ្ញា។ ស្មាតហ្វូននេះមានអេក្រង់ខាងក្រៅទំហំ ៥,៥ អ៊ីញ ដែលអាចបត់ពន្លាតចេញជាអេក្រង់ទំហំ ៧,៨ អ៊ីញ ប្រើប្រាស់ Touch ID ជំនួស Face ID និងមានកាមេរ៉ាក្រោយពីរគ្រាប់ទំហំ 48-megapixel៕

