ជីប ម៉ុង បន្តរួមចំណែកគាំទ្រវិស័យអប់រំ និងចែករំលែកក្តីស្រឡាញ់ដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាវត្តរាជបូណ៌ខេត្តសៀមរាប

សង្គម​ និង​សេដ្ឋកិច្ច

(សៀមរាប)៖ ដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំ និងបណ្តុះកម្លាំងចិត្តដល់យុវជនជំនាន់ក្រោយ លោក អគ្គនាយកបន្តវេន អ៊ឹង វីរៈ នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងលោកអគ្គនាយកបន្តវេន លោក អ៊ឹង ពិសិដ្ឋ នៃក្រុមហ៊ុន ជីប ម៉ុង លែន បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល និងចែករំលែកក្តីស្រឡាញ់ជាមួយសិស្សានុសិស្សនៅសាលាបឋមសិក្សាវត្តបូណ៌ខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



ក្នុងឱកាសនោះ លោកអគ្គនាយកបន្តវេនទាំងពីរ បាននាំយកសម្ភារៈសិក្សា សម្ភារៈប្រើប្រាស់ និងទឹកដោះគោឆៅផ្កាឈូក ដែលជាផលិតផលខ្មែរ មកចែកជូនដល់សិស្សានុសិស្ស ដើម្បីសម្រួលដល់ការសិក្សា ព្រមទាំងបង្ហាញពីការយកចិត្តទុកដាក់ចំពោះសុខភាពនិងការលូតលាស់របស់កុមារ។

កន្លងមក ជីប ម៉ុង តែងតែចូលរួមគាំទ្រវិស័យអប់រំ តាមរយៈការសាងសង់សាលារៀននៅតាមតំបន់ព្រំដែន តំបន់រងគ្រោះ តំបន់ខ្វះខាត និងក្នុងរាជធានីភ្នំពេញ។ ជាមួយគ្នានេះ តាមរយៈគម្រោង «១ លានក្តីស្រឡាញ់» ជីប ម៉ុង បានផ្តល់ពន្លឺសូឡា ដាំកូនឈើ និងផ្តល់ធុងសំរាមជូនសាលារៀន ដើម្បីបង្កើតបរិយាកាសសិក្សាដែលមានសុវត្ថិភាព ស្អាតនិងបៃតងព្រមទាំងបណ្តុះស្មារតីស្រឡាញ់និងថែរក្សាបរិស្ថានដល់កុមារគ្រប់រូប។

លើសពីនេះ ជីប ម៉ុង បានឧបត្ថម្ភសិស្សនិទ្ទេស A ចំនួន ៣ រូប រយៈពេល ៤ ឆ្នាំពេញ ដើម្បីបន្តការសិក្សា និងបានចូលរួមផ្តល់ថេប្លេតជូនសិស្សនិទ្ទេស A គ្រប់រូប តាមរយៈរាជរដ្ឋាភិបាល ដើម្បីជួយសម្រួលដល់ការសិក្សា និងលើកទឹកចិត្តដល់យុវជនកម្ពុជាឱ្យបន្តខិតខំសិក្សា។

ជីប ម៉ុង នឹងបន្តចែករំលែកក្តីស្រឡាញ់ និងរួមចំណែកជាមួយសហគមន៍ តាមរយៈការគាំទ្រដល់វិស័យអប់រំ កុមារ បរិស្ថាននិងសកម្មភាពសង្គមនានាដើម្បីរួមគ្នាកសាងសង្គមកម្ពុជាឲ្យកាន់តែមានភាពរីកចម្រើន៕