អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប និងជាសមាជិកព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦នេះ បានឧបត្ថម្ភផ្លែឈើសរុបចំនួន ២៧កេស ក្នុងនោះផ្លែទំពាំងបាយជូ ចំនួន២២កេស និងផ្លែសារី ចំនួន៥កេស ជូនដល់ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង។

ការឧបត្ថម្ភផ្លែឈើខាងលើនេះ ធ្វើឡើងក្នុងឱកាសដែលអ្នកឧកញ៉ា អញ្ជើញដឹកនាំសមាជិក សមាជិកាគណៈកម្មការទី៣ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរជំនាញដែលជាសមត្ថកិច្ចរបស់គណៈកម្មការនៅខេត្តស្ទឹងត្រែង ក្នុងគោលបំណងសិក្សាឈ្វេងយល់ និងប្រមូលព័ត៌មានពាក់ទៅនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុក អ្នកឧកញ៉ា បានឱ្យដឹងទៀតថា មុនបញ្ចប់កម្មវិធី អ្នកឧកញ៉ាក៏បានជូនវត្ថុអនុស្សាវរីយ៍ចំនួន១ សៀវភៅវិថីក្រាលមាសចំនួន៥ក្បាល ជូនដល់ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជូនផ្លែទំពាំងបាយជូចំនួន២២កេស និងផ្លែសារី ចំនួន៥កេស សរុបចំនួន២៧កេស សម្រាប់ចែកជូនអ្នកចូលរួមផងដែរ។
សូមជម្រាបថា គណៈកម្មការទី៣ នៃព្រឹទ្ធសភា មានឈ្មោះពេញថា គណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម។ បច្ចុប្បន្ន គណៈកម្មការទី៣ នៃព្រឹទ្ធសភា នីតិកាលទី៥ មាន អ្នកឧកញ៉ា ម៉ុង ឫទ្ធី ជាប្រធាន៕











