សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា កាលព្រឹកថ្ងៃទី១៥ កញ្ញា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យយុវជន វ៉ាន សែនវ៉ា ចូលជួបជាមួយឪពុកម្តាយនិងបងស្រីទាំង៣នាក់ ខណៈសម្តេចតេជោ ក៏បានណែនាំតម្រង់ទិសដល់យុវជននិទ្ទេស A ម្នាក់នេះផងដែរ។

ក្នុងខ្លឹមសាររបស់សម្តេចដែលបង្ហោះនៅលើបណ្តាញសង្គមនៅថ្ងៃទី ១៥ ខែកញ្ញា បានលើកឡើងថា៖ «ក្រៅពីការរៀបចំតម្រង់ទឹសឲ្យចៅ វ៉ាន សែនវ៉ា សិក្សានៅមហាវិទ្យាល័យ ក៏នៅមានបងស្រីរបស់ចៅម្នាក់ទៀត ត្រូវចូលមហាវិទ្យាល័យដែរ ដោយបានប្រឡងជាប់បាក់ឌុបឆ្នាំ២០២៥តែមិនមានលទ្ធភាពរៀនបន្ត»។

សូមជម្រាបដែរថា យុវជន វ៉ាន សែនវ៉ា ជាយុវជននៅស្រុកមេសាង ខេត្តព្រៃវែង ដែលបានត្រឡប់មកប្រឡងបាក់ឌុបម្ដងទៀត នៅឆ្នាំ២០២៦ និងទទួលបាននិទ្ទេស A បន្ទាប់ពីឆ្នាំមុនប្រឡងធ្លាក់។ ឆ្នាំដែលទទួលបាន F សែនវ៉ាត្រូវប្រឈមនឹងការបាត់បង់យាយ ដែលចិញ្ចឹមខ្លួនតាំងពីកុមារ និងបញ្ហាគ្រួសារ ដែលធ្វើឱ្យបាត់បង់ការផ្តោតលើការសិក្សា។ ក្រោយមកគេចាកចេញពីព្រៃវែង មកភ្នំពេញ ចាប់ផ្តើមរៀនដោយខ្លួនឯង និងដាក់គោលដៅយក A។ មួយឆ្នាំក្រោយ គេធ្វើបានសម្រេច ប៉ុន្តែយាយ ដែលគេចង់ឱ្យឃើញជ័យជម្នះនេះជាងគេ បានចែកឋានទៅហើយ។ សម្រាប់សែនវ៉ា F គ្រាន់តែជាផ្នែកមួយនៃជីវិត ហើយអ្វីដែលសំខាន់ គឺការមិនបោះបង់ខ្លួនឯង។
ទន្ទឹមគ្នានេះ ការតស៊ូ និងការមិនបោះបង់ខ្លួនឯងនេះហើយ ពិតជាផ្តល់នូវផ្លែផ្កាដ៏ផ្អែមល្ហែម ទីបំផុតយុវជន វ៉ាន សែនវ៉ា អាយុ១៩ ឆ្នាំ រស់នៅក្នុងខេត្តព្រៃវែង បានសាងប្រវត្តិសាស្ត្រផ្ទាល់ខ្លួនដ៏អស្ចារ្យ តាមរយៈការដណ្ដើមបាននិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម្រាប់ឆ្នាំសិក្សានេះ បន្ទាប់ពីរូបគេធ្លាប់បានភ្លក់រសជាតិបរាជ័យ កាលពីឆ្នាំកន្លងទៅ៕អត្ថបទ៖ហ្សាលីន

