វិស័យឯកជនដែលមកពីសមាគមធុរកិច្ចវៀតណាម បានបង្ហាញពីបំណងចង់បង្កើតរោងចក្រផលិតជីសរីរាង្គ និងគម្រោងវិនិយោគដាំកាហ្វេនៅកម្ពុជានាពេលខាងមុខ ខណៈបច្ចុប្បន្នសមាគមធុរកិច្ចវៀតណាម បានមកជួបពិភាក្សាជាមួយស្ថាប័នរដ្ឋាភិបាលកម្ពុជារួចរាល់ហើយ។

បំណងនេះ បានបង្ហាញឡើងនៅក្នុងកិច្ចពិភាក្សា រវាង លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយសហគ្រាសវៀតណាមនៅកម្ពុជា ដឹកនាំដោយ លោកNguyen Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ក្រោមការសម្របសម្រួលរៀបចំដោយឧកញ៉ា ឡេង ឫទ្ធី ប្រធានសមាគមធុរកិច្ចវៀតណាម-កម្ពុជានិងសហការី កាលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦។
ក្នុងកិច្ចពិភាក្សា បានឱ្យដឹងថា លោកអគ្គលេខាធិការបានសង្កត់ធ្ងន់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលលើការលើកកម្ពស់វិស័យឯកជន ដោយបង្ហាញពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលក្នុងការស្វែងយល់ពីបញ្ហាប្រឈម និងសំណូមពររបស់វិស័យឯកជនដើម្បីរួមគ្នារកដំណោះស្រាយសមស្របសំដៅបង្កើនប្រសិទ្ធភាពការងារ និងបន្តលើកកម្ពស់ទំនុកចិត្តពីសំណាក់វិនិយោគិន។

លោកអគ្គលេខាធិការក៏បានរំលឹក ពីការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរក្នុងការជំរុញសកម្មភាពពាណិជ្ជកម្មរវាងកម្ពុជានិងវៀតណាម ជាពិសេស ការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ២០ពាន់លានដុល្លារដុល្លារអាម៉េរិក។ លោក បានបន្តថា កម្ពុជាមានសក្តានុពលធំធេងក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ដែលវិនិយោគិនវៀតណាមគប្បីពិចារណាបណ្តាក់ទុនវិនិយោគក្នុងរូបភាពកែច្នៃជាផលិតផលសម្រេច ជាជាងនាំចេញក្នុងរូបភាពជាវត្ថុធាតុដើម ដូចជាការកែច្នៃស្វាយចន្ទី ដំឡូងមី ស្រូវអង្ករ កៅស៊ូ និងវិស័យឈើដាំ។

ថ្លែងក្នុងជំនួបនោះដែរ លោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា វាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលតែងតែបានខិតខំសម្របសម្រួលដោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិនវៀតណាមនាពេលកន្លងមកប្រកបដោយប្រសិទ្ធភាព។ តំណាងវិស័យឯកជនវៀតណាមបានជម្រាបជូនអំពីគម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃដើមកៅស៊ូជាគ្រឿងសង្ហារិម គម្រោងផលិតជីសរីរាង្គ និងគម្រោងវិនិយោគដាំកាហ្វេ ហើយបង្កើតរោងចក្រកែច្នៃ។
តាមរយៈជំនួបខាងលើ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបង្ហាញការស្វាគមន៍និងគាំទ្រគម្រោងវិនិយោគខាងលើ ព្រមទាំងបានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនរៀបចំបែបបទដាក់ពាក្យស្នើសុំចុះបញ្ជីគម្រោងវិនិយោគមកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឱ្យបានឆាប់។ CDC ក៏ស្នើសុំឱ្យវិនិយោគិនយកចិត្តទុកដាក់លើកិច្ចការបីសំខាន់គឺ៖ ការការពារបរិស្ថាន ទំនួលខុសត្រូវសង្គម និងអភិបាលកិច្ចល្អដោយគោរពច្បាប់ និងការបង់ពន្ធជូនរដ្ឋ ដើម្បីរដ្ឋមានលទ្ធភាពកសាងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីផ្តល់សេវាជូនវិនិយោគិនវិញ៕ អត្ថបទ៖ ហ្សាលីន


