លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា នៅដើមខែធ្នូ ពោលគឺនៅថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងពាណិជ្ជកម្មនឹងរៀបចំព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៨ ដើម្បីដាក់តាំងបង្ហាញផលិតផលដែលមានគុណភាពខ្ពស់របស់កម្ពុជា ទំនិញនាំចេញ-នាំចូលសំខាន់ៗ និងសេវាកម្មដែលមានលក្ខណៈពិសេសរបស់បណ្តាអ្នកផ្គត់ផ្គង់ជុំវិញពិភពលោក។

ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងសន្និសីទសារព័ត៌មាន ស្តីពីការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៨ ក្រោមមូលបទ «យុគសម័យថ្មីនៃពាណិជ្ជកម្ម៖ ការបង្កើតកិត្យានុភាពផលិតផលក្នុងស្រុក» ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (CTExpo) កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ប៉ែន សុវិជាតិ បានលើកឡើងថា កម្មវិធីពិព័រណ៍ឆ្នាំនេះ នឹងរៀបចំឡើងនៅមជ្ឈមណ្ឌលភីអេច ហ្រ្គេនហល បុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ ដោយព្រឹត្តិការណ៍ពិព័ណ៍នេះ នឹងចូលរួមជំរុញសកម្មភាពពាណិជ្ជកម្មកម្ពុជា និងធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ ព្រមទាំងជំរុញការនាំចេញ-នាំចូល និងការផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងអ្នកតាំងពិព័រណ៍ក្នុងស្រុកនិងអន្តរជាតិ អ្នកទស្សនាពិព័រណ៍ និងអ្នកចូលរួមពិព័រណ៍ផងដែរ។
លោករដ្ឋលេខាធិការ បន្តថា ក្នុងព្រឹត្តិការណ៍ពិព័ណ៍នេះ នឹងមានការដាក់តាំងបង្ហាញនូវផលិតផលខ្មែរ មិនតិចជាង ៦០% ដែលជាផលិតលក្នុងស្រុក និងជាផលិតផលស្តង់ដារ ដែលមានការវេចខ្ចប់ប្រកបដោយអនាម័យខ្ពស់ ព្រមទាំងមានបណ្តារក្រុមហ៊ុនដៃគួរសហការអន្តរជាតិ នឹងចូលរួមដាក់តាំងបង្ហាញនូវផលិតផលរបស់ខ្លួន ក្នុងគោលដៅប្រគួតប្រជែងក្នុងបរិបទទីផ្សារសេរី ផងដែរ។
ទន្ទឹមនឹងនោះ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះ បានបញ្ជាក់ថា ក្រៅពីមានការតាំងបង្ហាញផលិតផល និងសេវាកម្មដ៏សម្បូរបែប ព្រឹត្តិការណ៍ពិព័រណ៍នេះ ក៏ជាវេទិកាសម្រាប់ពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជាជាមួយទីផ្សារសកល និងការតាំងបង្ហាញផលិតផលរបស់ដៃគូអន្តរជាតិរបស់យើងផងដែរ៕

