កម្ពុជា និងនូវែលសេឡង់ ប្តេជ្ញាបន្តជំរុញវិស័យពាណិ​ជ្ជកម្ម​ទ្វេភាគី និង​ជំរុញ​កំណើន​វិនិយោគបន្ថែម​ទៀត

សង្គម​និង​សេដ្ឋកិច្ច

កម្ពុជា និងនូវែលសេឡង់ បានប្តេជ្ញាបន្តជំរុញវិស័យពាណិជ្ជកម្មទ្វេភាគី និងជំរុញកំណើន​វិនិ​យោ​គ​​ឱ្យកាន់តែច្រើនបន្ថែមទៀត ក្នុងន័យ​ដើម្បីខិតខំប្រឹងប្រែង​ស្តារឡើងវិញលើគ្រប់វិស័យ​ក្រោយវិបត្តិនៃជំងឺកូវីដ-១៩។ ការបង្ហាញជំហរប្តេជ្ញាចិត្តរួមគ្នានេះ បានធ្វើឡើងនៅក្នុងជំនួប​ពិភាក្សាការងារតាមប្រព័ន្ធវីដេអូអនឡាញរវាង លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ជាមួយនឹង លោក Phil Twyford អនុរដ្ឋមន្ត្រីពាណិជ្ជកម្ម និងនាំចេញ នៃប្រទេសនូវែល​សេ​ឡង់ នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រៅពីការ​ផ្លាស់ប្តូរយោបល់ និងពិភាក្សាលើវឌ្ឍន​ភាពនៃ​កិច្ចសហប្រតិបត្តិការ​វិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្មក្រោមក្របខ័ណ្ឌតំបន់ជាមួយគ្នា ក្នុងជំនួបនោះ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួង​ពាណិជ្ជកម្ម និង​ក្នុងនាមជា​ប្រធាន​​នៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ក៏បានជម្រាបជូនលោកអនុរដ្ឋមន្ត្រីពាណិជ្ជកម្ម និងនាំចេញនៃប្រទេសនូវែល​សេ​ឡង់ អំពី​វឌ្ឍនភា​ព​នៃការចរចាលើការ​ធ្វើឱ្យ​ប្រសើរ​ឡើងនៃកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលហ្សេឡង់ (AAN​​ZF​TA Upgrade) ដែលជាសមិទ្ធផលអាទិភាពសេដ្ឋកិច្ច (Priority Economic Delivera​ble) មួយក្នុងចំណោមសមិទ្ធផលអាទិភាពសេដ្ឋកិច្ចដទៃទៀត​របស់កម្ពុជា សម្រាប់ឆ្នាំ២០២២ ដែលស្ថិតក្រោមគោលដៅយុទ្ធសាស្ត្រគន្លឹះទី៤ ស្តីពីសាក​លភា​វូបនីយកម្មអា​ស៊ាន​ដើម្បី​ភាពរី​ក​ចម្រើន និងអភិវឌ្ឍន៍។

បន្ថែមពីនេះ លោករដ្ឋមន្រ្ដី ក៏បានលើឡើងពីការជំរុញ និងពន្លឿនការចរចាលើបញ្ហាដែល​នៅសេស​​សល់ ដើម្បីបញ្ចប់ការចរចា ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនៃកិច្ច​ព្រមព្រៀង​តំបន់​ពាណិជ្ជកម្មសេរី AANZFTA ឱ្យស្របតាមពេលវេលាកំណត់ ក្នុងឆ្នាំ២០២២។

លោករដ្ឋមន្រ្ដី ក៏បានជម្រាបដល់ភាគីនូវែលសេឡង់ អំពីវឌ្ឍនភាពនៃដំណើរការផ្តល់សច្ចាប័ន​លើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយតំបន់ (RCEP) របស់រដ្ឋសមាជិកអាស៊ានដែល​កំពុងបំពេញ​នីតិវិធីក្នុងស្រុក ដើម្បីឱ្យកិច្ចព្រមព្រៀងនេះ អាចចូលជាធរមានបានពេញលេញ ដែលការចូល​ជាធរមាននេះ គឺជាសមិទ្ធផលអាទិភាពសេដ្ឋកិច្ចមួយក្រោមភាពជា​ប្រធានអាស៊ាន​របស់កម្ពុជា សម្រាប់ឆ្នាំ២០២២នេះផងដែរ។

ជាការឆ្លើយតប លោក Phil Twyford អនុរដ្ឋមន្ត្រីពាណិជ្ជកម្ម និងនាំចេញ នៃប្រទេសនូវែល​សេ​ឡង់ បានបង្ហាញការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលអាទិភាពសេដ្ឋកិច្ច​កម្ពុជាដែលបានស្នើឡើង និងបានឆ្លុះបញ្ចាំងអំពីការឆ្លើយតបទៅនឹងការវិវត្តសកល ហើយចាត់​ទុកការបញ្ចប់ការចរចាធ្វើឱ្យប្រសើរឡើងនៃកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរី AANZFTA ជាកិច្ចការអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងភាគីហត្ថលេខី ក្នុងឆ្នាំ​២០២២។

ទន្ទឹមនឹងនេះ លោកអនុរដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីការបន្តគាំទ្ររបស់នូវែលសេឡង់ចំពោះកម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្លាស់វេនឆ្នាំ២០២២ និងប្តេជ្ញាបន្តកិច្ចសហការយ៉ាងជិតស្និទ្ធ​ជាមួយ​កម្ពុជា សំដៅអាចសម្រេចបាននូវសមិទ្ធផលអាទិភាពកម្ពុជាប្រកបដោយជោគជ័យ ដើម្បី​កសាង​សហគមន៍អាស៊ាន និងការអភិវឌ្ឍសេដ្ឋកិច្ចតំបន់ប្រកបដោយបរិយាប័ន្ន ចីរភាព និងភាព​ធន់រឹងមាំ ៕ អត្ថបទ៖ ពុធិកា