អ្នកឧកញ៉ា ទៀ វិចិត្រ និងលោក ទៀ ស្យាម សហស្ថាបនិកក្រុមហ៊ុន ភីស ភេត្រូលៀម ខេមបូឌា ឯ.ក (Peace Petroleum CambodiaCo., LTD) នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ បានរៀបចំពិធីបញ្ចុះបឋមសិលា និងបុកគ្រឹះបើកការដ្ឋានសាងសង់កំពង់ផែ និងពោងស្តុកប្រេងឥន្ធនៈ ក្រុមហ៊ុន ភីស ភេត្រូលៀម ស្ថិតនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលជាជំហានថ្មីមួយទៀតរបស់ក្រុមហ៊ុនក្នុងស្រុកលើវិស័យផ្គត់ផ្គង់ប្រេងឥន្ធនៈ។

ពិធីបញ្ចុះបឋមសិលាបុកគ្រឹះបើកការដ្ឋានសាងសង់កំពង់ផែ និងមណ្ឌលសន្និធិប្រេងឥន្ធនៈនេះ ធ្វើឡើងក្រោមវត្តមាន លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ក្នុងនាមថ្នាក់ដឹកនាំរដ្ឋបាលខេត្ត។ ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានថ្លែងនូវការអបអរសាទរចំពោះដំណើរការសាងសង់មណ្ឌលសន្និធិប្រេងឥន្ធនៈនេះ ដែលនឹងរួមចំណែកបន្ថែមទៀតជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការបណ្តាក់ទុនវិនិយោគ អ្នកវិនិយោគិនក្នុងស្រុក។
អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ឱ្យដឹងថា គម្រោងបង្កើតមណ្ឌលសន្និធិប្រេងឥន្ធនៈនេះ មានទុនវិនិយោគប្រមាណ ៧,៥ លានដុល្លាអាមេរិក និងមានទីតាំងស្ថិតនៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ អ្នកឧកញ៉ា បន្ថែមថាអត្ថប្រយោជន៍នានាចេញគម្រោងនេះ រាប់ចាប់ពីការបង្កើតការងារជូនប្រជាពលរដ្ឋ, ការពង្រឹងជំនាញបច្ចេកទេសរបស់បុគ្គលិក-កម្មករ, និងការបង្កបរិយាកាសវិជ្ជមានសម្រាប់វិនិយោគិន ហើយគម្រោងនេះក៏និងរួមចំណែកយ៉ាងសំខាន់លើការធានាសន្តិសុខ និងស្ថិរភាពនៃការផ្គត់ផ្គង់ឥន្ធនៈនៅកម្ពុជាផងដែ៕













