គណៈប្រតិភូក្រុមហ៊ុន JAPFA Group បានអញ្ជើញមកកម្ពុជាដើម្បីស្វែងយល់ពីបរិយាកាសវិនិយោគ និងស្វែងរកកាលានុវត្តភាពវិនិយោគនៅក្នុងវិស័យកសិកម្ម និងកសិ ឧស្សាហកម្មនៅកម្ពុជានាពេលខាងមុខ។

នេះបើយោងតាមជំនួបពិភាក្សាការងារ រវាងលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ជាមួយគណៈប្រតិភូ JAPFA Group ដឹកនាំដោយលោក Mark Gerald Eman នាយកក្រុមហ៊ុន នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។

ក្នុងជំនួបនេះ លោក ជា វុទ្ធី បានបង្ហាញក្តីរីករាយក្រៃលែងចំពោះគណៈប្រតិភូក្រុមហ៊ុន JAPFA Group ដែលបានអញ្ជើញមកកម្ពុជាដើម្បីស្វែងយល់ពីបរិយាកាសវិនិយោគ និងស្វែងរកកាលានុវត្តភាពវិនិយោគនៅក្នុងវិស័យកសិកម្ម និងកសិ ឧស្សាហកម្ម។ ទន្ទឹមនេះ លោកក៏បានលើកឡើងពីការដាក់ចេញនូវ “ក្របខណ្ឌអភិវឌ្ឍន៍សួនកសិ ឧស្សាហកម្មនៅកម្ពុជា” កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ កន្លងមក ដើម្បីទាក់ទាញវិនិយោគឯកជនក្នុងគោលដៅជំរុញការកែច្នៃកសិផល និងបង្កើនតម្លៃបន្ថែមនៃវិស័យនេះក្នុងសេដ្ឋកិច្ចជាតិ។

ជាមួយគ្នានេះ លោក Mark Gerald Eman ប្រធានគណៈប្រតិភូ បានកត់សម្គាល់ពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា និងបានទទួលស្គាល់ថាច្បាប់ស្តីពីវិនិយោគរបស់កម្ពុជាពិតជាមានភាពបើកចំហ មានតម្លាភាព ហើយរបបលើកទឹកចិត្តមានភាពប្រកួតប្រជែងខ្ពស់ ព្រមទាំងមានក្របខណ្ឌគោលនយោបាយដោយឡែកសម្រាប់គាំទ្រដល់វិស័យកសិ ឧស្សាហកម្ម។ ក្នុងន័យនេះ លោកបានសម្តែងនូវសុទិដ្ឋិនិយមខ្ពស់ថាកម្ពុជាគឺជាគោលដៅសម្រាប់ក្រុមហ៊ុនបណ្តាក់ទុនវិនិយោគលើវិស័យនេះ។

សូមជម្រាបដែរថា ក្រុមហ៊ុន JAPFA Group ជាក្រុមហ៊ុនកសិ-ចំណីអាហារ (agri-food) ឈានមុខមួយនៅអាស៊ីដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៧១ នៅប្រទេសឥណ្ឌូនេស៊ី ហើយមានបទពិសោធន៍ប្រមាណ ៥៥ឆ្នាំ ក្នុងការផលិត និងផ្គត់ផ្គង់ផលិតផលប្រូតេអ៊ីនសំខាន់ៗ និងអាហារវេចខ្ចប់។ បច្ចុប្បន្ន ក្រុមហ៊ុនមានប្រតិបត្តិការនៅប្រទេសឥណ្ឌូនេស៊ី វៀតណាម ឥណ្ឌា មីយ៉ាន់ម៉ា និងបង់ក្លាដែស។ ក្រុមហ៊ុន JAPFA Group អនុវត្តគំរូអាជីវកម្មរួមបញ្ចូលគ្នានូវខ្សែច្រវាក់តម្លៃទាំងមូល “Feed–Farm–Food” ចាប់ពីការផលិតចំណីសត្វ កសិដ្ឋានចិញ្ចឹមសត្វ ការកែច្នៃ រហូតដល់ការផលិត និងចែកចាយផលិតផលអាហារសម្រាប់អ្នកប្រើប្រាស់ និងវិស័យសេវាកម្មម្ហូបអាហារ៕អត្ថបទ៖ហ្សាលីន

