ក្រុមហ៊ុនវិនិយោគរដ្ឋដ៏ធំរបស់ខេត្តហឺណាន ចាប់អារម្មណ៍លើការវិនិយោគនៅកម្ពុជា លើលើវិស័យអាទិភាពធំៗចំនួន៣

សង្គម​ និង​សេដ្ឋកិច្ច

តំណាងក្រុមហ៊ុន Henan Airport Investment Group Co., Ltd. ដែលជាក្រុមហ៊ុនវិនិយោគរដ្ឋដ៏ធំរបស់ខេត្តហឺណាន បានកំពុងបន្តទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងលើការអភិវឌ្ឍ លើវិស័យអាទិភាពធំៗចំនួន៣ នៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមជំនួបពិភាក្សារវាង ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ជាមួយគណៈប្រតិភូក្រុមហ៊ុន Henan Airport Investment Group Co., Ltd. ដឹកនាំដោយលោក Bai Dongzhan ប្រធានសម្ព័ន្ធក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានហឺណាន ដោយមានការចូលរួមពីសំណាក់លោក David Chan អគ្គនាយកក្រុមហ៊ុនអាកាសចរណ៍ Air Cambodia កាលទី១៥ ខែកញ្ញា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានស្វាគមន៍គណៈប្រតិភូ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពពង្រីកជើងហោះហើរត្រង់បន្ថែមទៀត ព្រមទាំងបន្តវិនិយោគបន្ថែមលើវិស័យអាកាសចរណ៍នៅកម្ពុជា ជាមួយក្រុមហ៊ុន Air Cambodia ដើម្បីជំរុញការភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនឱ្យកាន់តែជិតស្និទ្ធ។

លោក Bai Dongzhan ក៏បានលើកឡើងថា ដំណើរទស្សនកិច្ចមកកាន់កម្ពុជានានៅពេលនេះ ខណៈលោកថា ក្រុមហ៊ុនវិនិយោគរដ្ឋដ៏ធំរបស់ខេត្តហឺណានមួយនេះ កំពុងបន្តទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងលើការអភិវឌ្ឍ លើវិស័យអាទិភាពធំៗចំនួន៣ រួមមាន៖ 1. វិស័យផ្គត់ផ្គង់ទឹកស្អាត និងប្រព័ន្ធចម្រោះទឹកកខ្វក់ 2. វិស័យថាមពលកកើតឡើងវិញ និងថាមពលពន្លឺព្រះអាទិត្យ និង3. វិស័យកសិកម្មឆ្លាតវៃដោយប្រើប្រាស់បច្ចេកវិទ្យា AI។

តាមរយៈជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះបំណងនៃការវិនិយោគរបស់ក្រុមហ៊ុនលើបណ្តាវិស័យអាទិភាពទាំងនេះ។ លោកក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការបន្តសម្របសម្រួល និងផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជូនក្រុមហ៊ុន ដើម្បីធានាថាក្រុមហ៊ុនអាចសម្រេចចិត្តវិនិយោគជាក់ស្តែងនៅកម្ពុជានាពេលខាងមុខ៕អត្ថបទ៖ហ្សាលីន