កម្ពុជា និងសាធារណរដ្ឋគុយបា បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដោយផ្តោតសំខាន់លើវិស័យសុខាភិបាល ការបណ្តុះបណ្តាលធនធានមនុស្ស ក៏ដូចជាកិច្ចសហប្រតិបត្តិការការទូតទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ការប្តេជ្ញាចិត្តនេះ ត្រូវបានធ្វើឡើងដើម្បីបន្តចំណង សាមគ្គីភាពដ៏យូរអង្វែង និងនាំមកនូវផលប្រយោជន៍ប្រកបដោយចីរភាពសម្រាប់ប្រជាជាតិ និងប្រជាជននៃប្រទេសទាំងពីរ។

នៅក្នុងជំនួបពិភាក្សាការងារ រវាងលោកស្រី Milena Caridad Zaldívar Piedra ឯក អគ្គរដ្ឋទូតនៃសាធារណៈរដ្ឋគុយបាប្រចាំព្រះរាជាណាចក្រកម្ពុជា ជាមួយលោកស្រី ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ បានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារវាងកម្ពុជា-គុយបា ក្នុងការផ្លាស់ប្តូរបទពិសោធអ្នកជំនាញទៅវិញទៅមក ដើម្បីពង្រឹងវិស័យសុខាភិបាលឱ្យកាន់តែរឹងមាំ ខណៈគុយបាត្រូវបានទទួលស្គាល់ថាជាប្រទេសដែលមានការអភិវឌ្ឍជឿនលឿនខ្លាំងលើវិស័យនេះ។
ក្នុងឱកាសនោះ លោកស្រី ឡោក ខេង បានមានប្រសាសន៍ថា គុយបាតែង តែជួយ ជ្រោមជ្រែង កម្ពុជាលើវិស័យសុខាភិបាលយ៉ាងសកម្ម ហើយជាង៤ទសវត្សរ៍កន្លងមកនេះ ប្រទេសគុយបាបានបន្តផ្តល់អាហារូបករណ៍ដល់និស្សិត និងពលរដ្ឋកម្ពុជាជាហូរហែ។

លោកស្រីសង្ឃឹមថា ភាគីទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការការទូតសភា ឱ្យកាន់តែស៊ីជម្រៅដើម្បីភ្ជាប់ទំនាក់ទំនងលើគ្រប់វិស័យដោយយកប្រជាជនជាស្នូលព្រោះ ការទូតដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញ និងការពារផលប្រយោជន៍ជាតិ ព្រមទាំងរក្សា សន្តិភាព និងស្ថិរភាពអន្តរជាតិ។
លោកស្រីប្រធានគណៈកម្មការទី៨ ក៏បានរំលេចពីជម្រើសផ្លូវការទូតក្នុង ការចរចាបញ្ចប់សង្គ្រាមជាមួយប្រទេសថៃ ជាពិសេសបញ្ហាតំបន់សមុទ្រត្រួតស៊ីគ្នា តាមរយៈ យន្តការផ្សះផ្សាដោយបង្ខំ (UNCLOS) ដោយលោកជំទាវបានសង្កត់ធ្ងន់ថា «សង្គ្រាមមាន តែចាញ់និងចាញ់ប៉ុណ្ណោះ» ហើយអ្នកដែលរងផលប៉ះពាល់ផ្ទាល់គឺប្រជាពលរដ្ឋ ដែលក្នុងនោះ ពលរដ្ឋភៀសសឹកកម្ពុជាជាង ២ម៉ឺននាក់ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាព និងសុខភាព។

ជាការឆ្លើយតប ភាគីគុយបាក៏បានបង្ហាញឆន្ទៈយ៉ាងមុតមាំ ក្នុងការបន្តគាំទ្រកម្ពុជាលើវិស័យសុខាភិបាល និងបង្កើនទំនាក់ទំនងការទូតរវាងប្រទេស ទាំងពីរ។ លោកស្រីក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកម្ពុជា ទោះបីជាទទួលរងការឈ្លានពានពីប្រទេសថៃយ៉ាងណាក្តីក៏នៅតែអាចរក្សាបាននូវលំនឹង សេដ្ឋកិច្ច ការផលិតក្នុងស្រុក និងជាពិសេសគឺស្មារតីសាមគ្គីភាពយ៉ាងរឹងមាំរវាងប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល៕



