ជប៉ុន ដំឡើងអត្រាការប្រាក់ដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានរយៈពេលជាង ៣០ឆ្នាំចុងក្រោយ

អន្តរជាតិ

ធនាគារកណ្តាលរបស់ប្រទេសជប៉ុន (BOJ) នៅថ្ងៃទី១៨ ខែកញ្ញា បានសម្រេចដំឡើងអត្រាការប្រាក់គោលរបស់ខ្លួនចន្លោះពី ១%-១,២៥% ដែលជាកម្រិតដ៏ខ្ពស់បំផុតមួយរបស់ខ្លួន ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញចំណាត់ការនេះ បានបង្ហាញពីការបង្កើនល្បឿនរបស់ BOJ ក្នុងវដ្តនៃការធ្វើឱ្យគោលនយោបាយរូបិយវត្ថុមានភាពប្រក្រតីឡើងវិញ ដែលកើតឡើងត្រឹមតែ ៣ខែប៉ុណ្ណោះបន្ទាប់ពីការកែសម្រួលលើកមុន។ កាលពីមុន ធនាគារកណ្តាលនេះ បានរង់ចាំរហូតដល់ ៦ខែ ទើបចាត់វិធានការ។

យ៉ាងណាមិញ ការសម្រេចចិត្តរបស់ BOJ នេះ ធ្វើឡើងត្រឹមតែ ២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីធនាគារកណ្តាលអាមេរិក (Fed) បានដំឡើងអត្រាការប្រាក់ផងដែរ។ ធនាគារកណ្តាលជប៉ុនបានថ្លែងថា ខ្លួនចង់រក្សាអតិផរណាឱ្យមានស្ថេរភាព ស្ថិតនៅកម្រិតជុំវិញ ២%។

គួរឲ្យឹងថា ការដំឡើងអត្រាការប្រាក់នេះកើតឡើងចំពេលដែលអតិផរណាកំពុងកើនឡើង ហើយប្រាក់យេនជប៉ុនបានចុះថយតម្លៃយ៉ាងខ្លាំង។ អតិផរណានៅទីក្រុងតូក្យូកាលពីខែសីហាគឺស្ថិតនៅកម្រិត ១,៩%។ ជុំវិញបញ្ហានេះ មន្ត្រីអាមេរិកកាលពីពេលថ្មីៗនេះ ត្រូវធ្វើការសម្របសម្រួលជាមួយជប៉ុន ដើម្បីអន្តរាគមន៍ និងរុញតម្លៃប្រាក់យេនឱ្យឡើងថ្លៃវិញផងដែរ។

ជម្រាបជូនថា សហរដ្ឋអាមេរិកបានតម្រូវឱ្យជប៉ុនរឹតបន្តឹងគោលនយោបាយរបស់ខ្លួនជាច្រើនលើក ដោយដាក់សម្ពាធលើគោលនយោបាយរូបិយវត្ថុ និងសារពើពន្ធធូររលុងរបស់នាយករដ្ឋមន្ត្រី លោកស្រី Sanae Takaichi។ កាលពីដើមខែនេះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បានជំរុញឱ្យទេសាភិបាល BOJ លោក Kazuo Ueda ចាត់វិធានការម៉ឺងម៉ាត់លើបញ្ហារូបិយវត្ថុ និងទីផ្សារនៅក្នុងកិច្ចប្រជុំមេដឹកនាំហិរញ្ញវត្ថុ G20 ថែមទៀតផង៕​