អាមេរិក អនុម័តលក់យន្តហោះចម្បាំង F-35 តម្លៃជាង ២៤ពាន់លានដុល្លារទៅឲ្យអារ៉ាប៊ីសាអូឌីត

អន្តរជាតិ

ក្រសួងការបរទេសអាមេរិក កាលពីពេលថ្មីៗនេះ បានអនុម័តការលក់យន្តហោះចម្បាំងទំនើបបំផុត F-35 ចំនួន ៤៨ គ្រឿងទៅឱ្យប្រទេសអារ៉ាប៊ីសាអ៊ូឌីត ទោះបីជាមានការព្រួយបារម្ភពីសំណាក់សមាជិកសភារបស់បក្សប្រជាធិបតេយ្យមួយចំនួន និងភាគីអ៊ីស្រាអែលក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី១៧ ខែកញ្ញា ក្រសួងការបរទេសអាមេរិកបានឱ្យដឹងថា ខ្លួនបានអនុម័តលើកិច្ចព្រមព្រៀងដ៏មានសក្តានុពលមួយក្នុងការលក់យន្តហោះចម្បាំងបំបាំងកាយ F-35 សរុបចំនួន ៤៨ គ្រឿង និងគ្រឿងបរិក្ខារពាក់ព័ន្ធទៅឱ្យប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលមានតម្លៃប៉ាន់ស្មាន ២៤,៣ពាន់លានដុល្លារ។

នៅក្នុងសេចក្តីថ្លែងការណ៍ដដែលនោះបានឱ្យដឹងទៀតថា៖ “កិច្ចព្រមព្រៀងដែលបានស្នើឡើងនេះនឹងពង្រឹងសមត្ថភាពទប់ស្កាត់របស់អារ៉ាប៊ីសាអ៊ូឌីតប្រឆាំងនឹងការគំរាមកំហែងបច្ចុប្បន្ន និងនាពេលអនាគត ដោយការពង្រឹងការការពារជាតិរបស់ខ្លួន និងកែលម្អកិច្ចសហប្រតិបត្តិការជាមួយកងកម្លាំងអាមេរិក”។

យ៉ាងណាមិញ សភាអាមេរិកនឹងមានរយៈពេល ៣០ថ្ងៃគិតចាប់ពីថ្ងៃជូនដំណឹងនេះ ដើម្បីសម្រេចថាតើត្រូវរារាំងកិច្ចព្រមព្រៀងនេះឬយ៉ាងណា។ ប្រសិនបើគ្មានការប្រឆាំងពីសភាទេ កិច្ចសន្យានឹងត្រូវបញ្ជូនទៅកាន់ប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីអនុម័ត។

គួរឲ្យដឹងថាបច្ចុប្បន្ន អាមេរិកយល់ព្រមលក់យន្តហោះចម្បាំង F-35 តែឱ្យសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ខ្លួនប៉ុណ្ណោះ។ អ៊ីស្រាអែល គឺជាប្រទេសតែមួយគត់នៅក្នុងតំបន់មជ្ឈិមបូព៌ាដែលកំពុងប្រតិបត្តិការយន្តហោះប្រភេទនេះ។

យ៉ាងណាមិញ ចំពោះអារ៉ាប៊ីសាអ៊ូឌីត ពួកគេបានស្វែងរកការទិញយន្តហោះចម្បាំង F-35 ពីអាមេរិកជាយូរមកហើយ ប៉ុន្តែមន្ត្រីអ៊ីស្រាអែលបានសម្តែងការព្រួយបារម្ភជាញឹកញាប់អំពីលទ្ធភាពនេះ។ កាលពីឆ្នាំ២០១៩ នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បានប្រឆាំងជាសាធារណៈចំពោះការលក់យន្តហោះចម្បាំង F-35 ណាមួយទៅឱ្យបណ្តាប្រទេសអារ៉ាប់ ដោយហៅវាថាជាការគំរាមកំហែងដល់ការរស់រានមានជីវិតរបស់ប្រជាជាតិអ៊ីស្រាអែល៕​