សហរដ្ឋអាមេរិក ថ្មីៗនេះបានប្រកាសពីកាលវិភាគសម្រាប់ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ដែលរួមមានពិធីទទួលស្វាគមន៍នៅមូលដ្ឋានទ័ពអាកាស Andrews, ការលៀងសាយភោជន៍ផ្លូវរដ្ឋ, កម្មវិធីពិសារតែ និងការទស្សនាសារមន្ទីរជាតិ (National Archives) ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន NTD។

អ្នកនាំពាក្យសេតវិមាន លោកស្រី Anna Kelly បានឱ្យដឹងថា នៅថ្ងៃទី២៣ ខែកញ្ញាខាងមុខ ប្រធានាធិបតីលោក ដូណាល់ ត្រាំ នឹងធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងភរិយា គឺលោកស្រី Peng Liyuan នៅមូលដ្ឋានទ័ពអាកាស Andrews ។
ហើយនៅថ្ងៃទី២៤ ខែកញ្ញា លោក ត្រាំ និងលោកជំទាវទីមួយ Melania នឹងដឹកនាំពិធីទទួលស្វាគមន៍ជាផ្លូវការជូនលោក ស៊ី និងភរិយា នៅបន្ទប់ស្នាក់នៅប្រធានាធិបតីនៃសេតវិមាន បន្ទាប់មកមានការអធិការកិច្ចកងកិត្តិយសនៅសួនកុលាប (Rose Garden) និងការជជែកពិភាក្សាការងារជាបន្តបន្ទាប់។
នៅល្ងាចថ្ងៃដដែលនោះ ប្រធានាធិបតី ត្រាំ និងលោកជំទាវទីមួយ នឹងរៀបចំពិធីលៀងសាយភោជន៍ផ្លូវរដ្ឋនៅក្នុងបន្ទប់ East Room ដោយមេដឹកនាំទាំងពីរនឹងថ្លែងសុន្ទរកថាបើក។ ហើយនៅថ្ងៃទី២៥ ខែកញ្ញា ត្រាំ និងភរិយា នឹងធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍លោក ស៊ី និងភរិយា ក្នុងកម្មវិធីពិសារតែបែបស្និទ្ធស្នាលនៅសេតវិមាន។ បន្ទាប់មក មេដឹកនាំទាំងពីរនិងភរិយា នឹងអញ្ជើញទៅទស្សនាសារមន្ទីរជាតិ ដើម្បីទស្សនាឯកសារបង្កើតជាតិសំខាន់ៗ ដែលជាផ្នែកមួយនៃការប្រារព្ធពិធីខួបលើកទី២៥០ នៃការបង្កើតសហរដ្ឋអាមេរិក។
គួរជម្រាបជូនផងដែរថា ជុំវិញដំណើរទស្សនកិច្ចនេះ អ្នកជំនាញបានព្យាករថា នៅក្នុងជំនួបនាពេលខាងមុខនៅទីក្រុងវ៉ាស៊ីនតោន លោក ត្រាំ និងលោក ស៊ី នឹងពិភាក្សាអំពីការរៀបចំក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម, ការគ្រប់គ្រងបច្ចេកវិទ្យា AI, លទ្ធភាពនៃការបន្តការចរចាត្រួតពិនិត្យអាវុធ និងការពង្រឹងប្រព័ន្ធទំនាក់ទំនងយោធាផងដែរ។ ក្រៅពីនេះ ស្ថានភាពនៅមជ្ឈិមបូព៌ាក៏ត្រូវបានរំពឹងថានឹងមាននៅក្នុងរបៀបវារៈផងដែរ៕

