តាំងពីឆ្នាំ២០១៧មក ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុចាយ បានបណ្តាក់ទុនវិនិយោគចំនួនរហូត ៥១លានដុល្លារអាម៉េរិក ដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ចខេត្ត និងបង្កើតការងារជូនពលរដ្ឋនៅក្នុងមូលដ្ឋាន។នេះបើយោងតាមពិធីដាំកូនឈើចំនួន ២.២០០ដើម និងចែកកូនឈើចំនួន ១៦.០០០ដើម នៅតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុចាយ ស្ថិតនៅសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ក្រោមអធិបតីភាពសម្តេច ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

កម្មពិធីនេះ បានធ្វើឡើងក្រោមប្រធានបទ “រួមគ្នាដាំដើមឈើ បង្កើនគម្របបៃតង លើកកម្ពស់បរិស្ថាន និងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសប្រកបដោយចីរភាព រួមចំណែកកាត់បន្ថយធូលី ផ្សែង និងកម្តៅនៅក្នុងតំបន់ឧស្សាហកម្ម បង្កើតបរិយាកាសការងារ និងបរិស្ថានល្អ”កាល ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦។

កម្មពិធីនេះ បានឱ្យដឹងថា ការដាំ និងចែកកូនឈើនេះ គឺជាសកម្មភាពជាក់ស្តែងមួយក្នុងការរួមគ្នាបង្កើនគម្របបៃតងនៅតំបន់ឧស្សាហកម្ម ស្របពេលដែលខេត្តស្វាយរៀងកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័សនៃសកម្មភាពឧស្សាហកម្ម និងការវិនិយោគ។ទន្ទឹមនេះ ការចែកកូនឈើចំនួន ១៦.០០០ដើម ជូនដល់រដ្ឋបាលក្រុង ស្រុកនៃខេត្តស្វាយរៀង គឺជាការជំរុញឱ្យការដាំដើមឈើមិនកំណត់ត្រឹមតំបន់សេដ្ឋកិច្ចពិសេសប៉ុណ្ណោះទេ ប៉ុន្តែអាចពង្រីកទៅដល់សហគមន៍ និងទីតាំងផ្សេងៗ ដើម្បីបំផុសចលនារួមគ្នាថែរក្សាបរិស្ថាន និងបង្កើនគម្របបៃតងនៅមូលដ្ឋាន។សកម្មភាពនេះក៏បង្ហាញពីការរួមបញ្ចូលគ្នារវាងការអភិវឌ្ឍឧស្សាហកម្ម និងការការពារបរិស្ថាន ដោយឆ្លើយតបទៅនឹងគោលការណ៍អភិវឌ្ឍប្រកបដោយចីរភាព ដែលផ្តោតលើការបង្កើតបរិយាកាសវិនិយោគ និងផលិតកម្មដែលមានភាពប្រកួតប្រជែង ព្រមជាមួយការយកចិត្តទុកដាក់លើបរិស្ថាន និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋ។

សូមជម្រាបដែរថា នៅក្នុងពិធីនោះ ក៏ធ្វើការកត់សម្គាល់ដែរថា ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុចាយ បានបណ្តាក់ទុនវិនិយោគចំនួន ៥១លានដុល្លារអាម៉េរិក នៅកម្ពុជាតាំងពីឆ្នាំ២០១៧។ ហើយបច្ចុប្បន្ន មានរោងចក្រនៅក្នុងតំបន់ចំនួន ៣៥ ក្នុងទំហំទុនវិនិយោគប្រមាណ ១,៥ពាន់លានដុល្លារអាម៉េរិក និងកម្មករនិយោជិតកំពុងបម្រើការងារប្រមាណជាង ២ម៉ឺននាក់។ មុខសញ្ញាវិនិយោគសំខាន់ៗនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះគឺកម្មន្ដសាលសំបកកង់យានយន្ដ និងកម្មន្ដសាលដំឡើងកង់៕ អត្ថបទ៖ហ្សាលីន


